រុស្ស៊ី ប្រើយុទ្ធសាស្រ្តជំនាន់សង្គ្រាមលោកលើកទី១ និងទី២ មកទប់ទល់ដ្រូន អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រើយុទ្ធសាស្រ្តជំនាន់សង្គ្រាមលោកលើកទី១ និងទី២ មកទប់ទល់ដ្រូន អ៊ុយក្រែន

រុស្ស៊ី ប្រើយុទ្ធសាស្រ្តជំនាន់សង្គ្រាមលោកលើកទី១ និងទី២ មកទប់ទល់ដ្រូន អ៊ុយក្រែន

មូស្គូ ៖ ប្រទេសរុស្ស៊ីកំពុងសាកល្បងយុទ្ធសាស្រ្តជំនាន់មុន ពោលកាលពីសម័យសង្គ្រាមលោកលើកទី១ និងលើកទី២ ដែលគេប្រើប្រាស់ទប់ទល់នឹងយន្តហោះទម្លាក់គ្រាប់បែកសត្រូវ បង្វែរវាមកជាការទប់ទល់នឹងយន្តហោះដ្រូនក្នុងសង្គ្រាមសម័យទំនើប ។

ក្បួនធ្វើសឹករបស់រុស្ស៊ីនេះ គឺជាការធ្វើតេស្តប្រព័ន្ធរបាំងបាឡុង ដែលបំពាក់ដោយខ្សែកាប ដើម្បីបង្កើតជាឧបសគ្គរារាំង និងស្ទាក់ចាប់យន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលហោះចូលមកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

បើតាម Kyiv Post, ប្រព័ន្ធការពារដ្រូនមានរូបរាងដូចបាឡុងខ្យល់នេះ មានឈ្មោះថា “Barrier” ផលិតឡើងដោយក្រុមហ៊ុន First Airship JSC របស់រុស្ស៊ី ។ បាឡុងខ្យល់ទាំងនោះ នឹងត្រូវបង្ហោះឡើងទៅលើអាកាស ដោយចងភ្ជាប់ជាមួយខ្សែកាបប្រភេទ Kevlar ទម្លាក់ចុះមកក្រោមក្នុងប្រវែងប្រហែល ២៥០ ម៉ែត្រ ។

នៅពេលដែលដ្រូនហោះកាត់ សរសៃខ្សែកាបទាំងនោះ នឹងរុំជាប់ស្លាបចក្ររបស់យន្តហោះដ្រូន ដើម្បីធ្វើឱ្យវាបាត់បង់ការគ្រប់គ្រង ហើយធ្លាក់ចុះមកដី ។ បាឡុងខ្យល់នីមួយៗ អាចហោះឡើងបានកម្ពស់រហូតដល់ ៣០០ ម៉ែត្រ និងអាចទ្រទម្ងន់សំណាញ់បានប្រហែល ៣០ គីឡូក្រាម ។

យោងតាមការលើកឡើងរបស់អ្នកផលិត, ប្រព័ន្ធរបាំងបាឡុងនេះ បង្កើតឡើងមានគោលបំណងការពារទីតាំងឧស្សាហកម្ម ឬរោងចក្រចម្រាញ់ប្រេងខ្នាតធំ ហើយដើម្បីអាចដំណើរការវា គេតម្រូវឱ្យប្រើប្រាស់បាឡុងយ៉ាងហោចណាស់ចំនួន ១០ គ្រឿងបង្ហោះតម្រៀបគ្នាជាជួរ ។

ប្រព័ន្ធរបាំងបាឡុងនេះ មិនត្រឹមតែបង្កើតជាឧបសគ្គតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចបង្ខំឱ្យដ្រូនដែលហោះក្នុងកម្ពស់ទាប ត្រូវហោះឡើងទៅលើខ្ពស់ជាងមុន ។ ការធ្វើបែបនេះ នឹងជួយឱ្យប្រព័ន្ធរ៉ាដា និងប្រព័ន្ធខែលការពារដែនអាកាសរបស់រុស្ស៊ី ងាយស្រួលចាប់សញ្ញា និងបាញ់កម្ទេចដ្រូនបានកាន់តែមានប្រសិទ្ធភាព ។

បើតាមការអះអាងរបស់អ្នកជំនាញអ៊ុយក្រែន ក្រៅពីការពារដ្រូន, ប្រព័ន្ធរបាំងបាឡុងនេះ អាចនឹងប្រើប្រាស់ក្នុងគោលបំណងយោធាផងដែរ ហើយប្រសិនបើបាឡុងទាំងនេះ ត្រូវបានបំពាក់អាវុធ នោះពួកវានឹងអាចមានសមត្ថភាពបាញ់ទម្លាក់ដ្រូន និងមីស៊ីលក្នុងរយៈកម្ពស់ចាប់ពី ១២ ទៅ ១៨ គីឡូម៉ែត្រ ៕

ប្រភព ៖ Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា