មេដឹកនាំជប៉ុនថា នឹងមិនបញ្ចេញស្តុកប្រេងថ្មី តាមក្រុមប្រទេស G7 ទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំជប៉ុនថា នឹងមិនបញ្ចេញស្តុកប្រេងថ្មី តាមក្រុមប្រទេស G7 ទេ

មេដឹកនាំជប៉ុនថា នឹងមិនបញ្ចេញស្តុកប្រេងថ្មី តាមក្រុមប្រទេស G7 ទេ

តូក្យូ ៖ ប្រទេសជប៉ុននឹងមិនបញ្ចេញស្តុកប្រេងថ្មីបន្ថែមទៀត ពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់ខ្លួន តបតាមការស្នើសុំរបស់ក្រុមប្រទេស G7 នោះទេ ។ នេះគឺជាការបញ្ជាក់របស់លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi កាលពីថ្ងៃអង្គារ ។

បើតាម Bernama, មេដឹកនាំជប៉ុនរូបនេះ បានប្រាប់មូលហេតុតាមបណ្តាញសង្គម X ថា ប្រទេសជប៉ុនបានបញ្ចេញស្តុកប្រេងពីស្តុកបម្រេងយុទ្ធសាស្រ្តរបស់ខ្លួនជាបន្តបន្ទាប់រួចហើយ ដូច្នេះទីក្រុងតូក្យនឹងមិនបញ្ចេញស្តុកប្រេងថ្មីបន្ថែមទៀតក្នុងដំណាក់កាលនេះទេ ។

យ៉ាងណា លោកស្រី Takaichi បានអះអាងថា ប្រទេសជប៉ុននឹងនៅតែបន្តធ្វើការ ដើម្បីគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក សន្តិសុខថាមពល និងស្ថិរភាពទីផ្សារប្រេងសកល ។

ប្រទេសជប៉ុនបានបញ្ចេញស្តុកប្រេងពីស្តុកបម្រុងយុទ្ធសាស្រ្តប្រហែល ៨០ លានបារ៉ែល កាលពីខែមីនា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង សម្របសម្រួលរួមគ្នា ។ ក្រោយមក ជប៉ុនក៏បានបញ្ចេញស្តុកប្រេងឆៅជាតិជាលើកទីពីរផងដែរ នៅក្នុងខែឧសភា ។

យោងតាម BBC, ការបដិសេធបញ្ចេញស្តុកប្រេងថ្មីរបស់ជប៉ុន ធ្វើឡើងបន្ទាប់ពីក្រុមប្រទេស G7 បានឯកភាពគ្នាកាលពីថ្ងៃទី២ ខែតុលា ថានឹងបញ្ចេញប្រេងឆៅ រួមទាំងប្រេងម៉ាស៊ូតប្រមាណ ១០០ លានបារ៉ែល ពីស្តុកបម្រុងយុទ្ធសាស្រ្ត ហើយសន្យាថា នឹងមិនដាក់កម្រិតលើការនាំចេញថាមពលឡើយ ។

ការឯកភាពបញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូតនេះកើតឡើង ក្រោយមានការប្រឈមមុខដាក់គ្នាផ្នែកការទូតយ៉ាងតឹងសរសៃករ ដែលដុតបញ្ឆេះដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជាពិសេសការកើនឡើងតម្លៃប្រេងយ៉ាងគំហុកដល់ជាង ១០០ ដុល្លារក្នុងមួយធុងបារ៉ែល ។

មេដឹកនាំអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុប ឱ្យបញ្ចេញប្រេងទាំងនោះចូលទៅក្នុងទីផ្សារ ជាមួយនឹងការគំរាមដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូតរបស់សហរដ្ឋអាមេរិក ប្រសិនបើពួកគេមិនមានវិធានការដោះស្រាយបន្ទាន់នោះទេ ៕

ប្រភព ៖ Bernama និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា