ក្រុមហ៊ុន Boeing ធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង និងដ្រូនចាក់សាំងតាមអាកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Boeing ធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង និងដ្រូនចាក់សាំងតាមអាកាស

ក្រុមហ៊ុន Boeing ធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង និងដ្រូនចាក់សាំងតាមអាកាស

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានធ្វើតេស្តបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងរវាងយន្តហោះចម្បាំង F/A-18 Super Hornet ជាមួយយន្តហោះដ្រូនចាក់សាំងតាមអាកាស MQ-25A Stingray តាមរយៈបណ្តាញទំនាក់ទំនងយោធា Link 16 ។

បច្ចេកវិទ្យានេះមានឈ្មោះកាត់ថា MUM-T រចនាឡើងក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងយន្តហោះមានមនុស្សបើក និងយន្តហោះគ្មានមនុស្សបើក ឱ្យធ្វើការជាក្រុមក្នុងបេសកកម្មតែមួយ ។

ក្រុមហ៊ុន Boeing បានសាកល្បងបច្ចេកវិទ្យានេះ ក្នុងសមយុទ្ធ Emerald Flag នៅមូលដ្ឋានទ័ពអាកាស Eglin រដ្ឋ Florida ដោយដំឡើងបច្ចេកវិទ្យានៅលើយន្តហោះ Beechcraft 1900D និង E90 King Air ហើយបង្ហាញសមត្ថភាពបញ្ជា និងផ្លាស់ប្តូរទិន្នន័យតាមរយៈបណ្តាញទំនាក់ទំនងយោធា Link 16 ។

ការធ្វើតេស្តនេះ មិនទាន់បំពាក់បច្ចេកវិទ្យានេះដល់ដ្រូន MQ-25A ពិតប្រាកដនៅឡើយទេ វាគ្រាន់តែជាការធ្វើតេស្តជំហានដំបូងប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើការសាកល្បងនេះជោគជ័យ ពីឡុតបើកយន្តហោះចម្បាំងអាចចេញបញ្ជា ឬសម្របសម្រួលជាមួយដ្រូន MQ-25A ដោយផ្ទាល់ពីកាប៊ីនយន្តហោះ ជំនួសឱ្យការពឹងផ្អែកតែលើការគ្រប់គ្រងពីនាវាផ្ទុកយន្តហោះ ឬស្ថានីយបញ្ជាពីដី ។

បើតាមផែនការ, ក្រុមហ៊ុន Boeing គ្រោងបំពាក់បច្ចេកវិទ្យា MUM-T ដល់ដ្រូន MQ-25A និងយន្តហោះចម្បាំង F/A-18 Super Hornet បន្ទាប់ពីបញ្ចប់ការធ្វើតេស្ត និងវាយតម្លៃបន្ថែម ។ ហើយបើសិនដំណើរការរលូននោះ បច្ចេកវិទ្យានេះនឹងអនុញ្ញាតឱ្យយន្តហោះចម្បាំង និងយន្តហោះគាំទ្រគ្មានមនុស្សបើក ធ្វើការជាក្រុមកាន់តែជិតស្និទ្ធ ។

ការអភិវឌ្ឍនេះទៀតសោត ក៏បង្ហាញពីទិសដៅរបស់កងទ័ពជើងទឹកអាមេរិក ក្នុងការរួមបញ្ចូលយន្តហោះមានមនុស្សបើក និងប្រព័ន្ធស្វ័យប្រវត្តិ ទៅក្នុងកងយន្តហោះរបស់នាវាផ្ទុកយន្តហោះ ៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា