កូរ៉េខាងត្បូង បាញ់បង្ហោះរ៉ុក្តែតអវកាសនាំយកផ្កាយរណប ១៥ គ្រឿង ទៅក្រៅផែនដីដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង បាញ់បង្ហោះរ៉ុក្តែតអវកាសនាំយកផ្កាយរណប ១៥ គ្រឿង ទៅក្រៅផែនដីដោយជោគជ័យ

កូរ៉េខាងត្បូង បាញ់បង្ហោះរ៉ុក្តែតអវកាសនាំយកផ្កាយរណប ១៥ គ្រឿង ទៅក្រៅផែនដីដោយជោគជ័យ

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងបានទទួលភាពជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះរ៉ុក្កែត Nuri ឬ KSLV-II ដែលជារ៉ុក្កែតអវកាសផលិតឡើងដោយបច្ចេកវិទ្យាក្នុងស្រុកទាំងស្រុង ដើម្បីបញ្ជូនផ្កាយរណបចំនួន ១៥ គ្រឿងទៅកាន់គន្លងតារាវិថី ។

ការបាញ់បង្ហោះរ៉ុក្កែត Nuri ដែលមានទម្ងន់ប្រហែល ២០០ តោននេះ ធ្វើឡើងនៅថ្ងៃទី៧ ខែតុលា វេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស Naro ក្នុងតំបន់ Goheung ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង ។

ផ្កាយរណបទាំងនោះ រួមមាន ផ្កាយរណបខ្នាតតូចប្រភេទមីក្រូ សម្រាប់តាមដានសន្តិសុខជាតិ និងគ្រោះមហន្តរាយចំនួន ៥ គ្រឿង និងផ្កាយរណបខ្នាតតូចរាងគូបចំនួន ១០ គ្រឿងទៀត ដែលជារបស់ក្រុមហ៊ុនឯកជន សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ ។

រ៉ុក្កែតអវកាស Nuri បានហោះទម្រុះផ្ទៃមេឃទៅដល់គន្លងគោចរគោលដៅ ដែលមានកម្ពស់ប្រហែល ៥៧៥ គីឡូម៉ែត្រ ពីផ្ទៃផែនដី និងបានបញ្ចេញផ្កាយរណបបានជោគជ័យចំនួន ១៤ គ្រឿង ក្នុងចំណោម ១៥ គ្រឿង ។

មានតែផ្កាយរណបខ្នាតតូចរាងគូបមួយគ្រឿងប៉ុណ្ណោះ មានឈ្មោះថា PERSAT02 ដែលជួបបញ្ហាបច្ចេកទេស និងមិនអាចផ្តាច់ខ្លួនចេញពីបំពង់រ៉ុក្កែតបាន ។ នេះជាការបាញ់បង្ហោះទទួលបានជោគជ័យជាលើកទី ៤ ជាប់ៗគ្នាសម្រាប់រ៉ុក្កែតអវកាស Nuri បន្ទាប់ពីការបរាជ័យក្នុងការសាកល្បងលើកដំបូងកាលពីឆ្នាំ ២០២១ ។

ព្រឹត្តិការណ៍នេះ បង្ហាញពីវឌ្ឍនភាពដ៏ធំធេងនៃវិស័យអវកាស និងសមត្ថភាពរបស់កូរ៉េខាងត្បូង ក្នុងការដឹកជញ្ជូនផ្កាយរណបទៅកាន់ទីអវកាសដោយខ្លួនឯង ។

ការបង្កើតក្រុមផ្កាយរណបតាមដានសន្តិសុខជាតិ និងគ្រោះមហន្តរាយ នឹងជួយកូរ៉េខាងត្បូងនូវសមត្ថភាពសង្កេតផែនដីកាន់តែញឹកញាប់ជាងមុន ជាពិសេសការតាមដានឧបទ្វីបកូរ៉េ និងការឆ្លើយតបចំពោះស្ថានការណ៍បន្ទាន់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា