១០ថ្ងៃនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជាង ៤០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១០ថ្ងៃនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជាង ៤០នាក់

១០ថ្ងៃនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សជាង ៤០នាក់

 
គ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់ដ៏ធំក្នុងអំឡុងពេលបុណ្យទានម្តងៗ។ ជាក់ស្តែង ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃពិធីកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានបណ្តាលឱ្យអ្នកដំណើរជាង ៤០នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។
 
គិតចាប់ពីថ្ងៃកាន់បិណ្ឌទី១ ដល់បិណ្ឌទី១០ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៨៤លើក បណ្តាលឱ្យមនុស្ស ៤៣នាក់បាត់បង់ជីវិត និង ១១៨នាក់ទៀតរងរបួសធ្ងន់ស្រាល។
 
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះរួមមាន ការបើកបរលើសល្បឿនកំណត់ ៣៥ករណី មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកជែង បត់គ្រោះថ្នាក់ បើកក្នុងស្ថានភាពស្រវឹង កត្តាយានយន្ត និងងងុយ ជាដើម។ គ្រោះថ្នាក់ទាំងនេះបានកើតឡើងនៅតាមរាជធានី-ខេត្តចំនួន ១៨។
 
បើតាមក្រសួងមហាផ្ទៃ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី១០ ទី១១ និងទី១២ ខែតុលា ពោលគឺថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ។
 
ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងនគរបាលចរាចរណ៍ បង្កើនការយកចិត្តទុកដាក់សម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ នៅតាមច្រកចេញពីរាជធានីភ្នំពេញ ចំណុចផ្លូវប្រសព្វ និងស្ពានធំៗ ព្រមទាំងអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់ចូលរួមគោរពច្បាប់ បើកបរដោយការប្រុងប្រយ័ត្ន មានអធ្យាស្រ័យ និងស្តាប់តាមការណែនាំរបស់មន្ត្រីជំនាញ។
 
យោងតាមក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១០៣លើក បណ្តាលឱ្យមនុស្ស ៦៨នាក់ស្លាប់ និង ១៣៦នាក់ទៀតរងរបួស៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា