ទឹកធ្លាក់ជីអាំង ជាជម្រើសតំបន់ទេសចរណ៍ធម្មជាតិល្អមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកធ្លាក់ជីអាំង ជាជម្រើសតំបន់ទេសចរណ៍ធម្មជាតិល្អមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ទឹកធ្លាក់ជីអាំង ជាជម្រើសតំបន់ទេសចរណ៍ធម្មជាតិល្អមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់អ្នកមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ នៅភាគឦសាននៃប្រទេសកម្ពុជា ទឹកធ្លាក់ជីអាំង គឺជាគោលដៅទេសចរណ៍ធម្មជាតិមួយដែលមិនគួរមើលរំលង។
 
រមណីយដ្ឋានដ៏ស្រស់ស្អាត ស្ថិតនៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ។ អ្នកទេសចរ ត្រូវធ្វើដំណើរតាមផ្លូវក្រាលគ្រួសក្រហមប្រមាណ ២០គីឡូម៉ែត្រ ហើយបន្តតាមផ្លូវលំប្រមាណ ៤គីឡូម៉ែត្រ ទើបទៅដល់ទីតាំងទឹកធ្លាក់។
 
ទឹកធ្លាក់ជីអាំង គឺជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ។ ទីនេះមិនត្រឹមតែជាកន្លែងសម្រាប់ទស្សនា និងថតរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់បទពិសោធន៍ទេសចរណ៍ធម្មជាតិ ដែលរួមចំណែកគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិក្នុងតំបន់។
 
ភ្ញៀវទេសចរអាចស្វែងយល់ពីសម្រស់ធម្មជាតិរបស់កម្ពុជា ភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិចព្នង។
 
ក្រោមការដឹកនាំរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ភ្ញៀវទេសចរអាចចូលរួមក្នុងសកម្មភាពជាច្រើន ដូចជា ដើរទស្សនាព្រៃព្រឹក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្វែងយល់ពីជីវិតសត្វព្រៃនៅក្នុងទីជម្រកធម្មជាតិ ហែលទឹកលេងកម្សាន្តនៅតំបន់ទឹកធ្លាក់ ពិសាម្ហូបប្រចាំតំបន់ ស្នាក់នៅផ្ទះស្នាក់របស់សហគមន៍ ព្រមទាំងស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។
 
គម្រោងរេដបូកកែវសីមា បានគាំទ្រ និងចូលរួមជាមួយសហគមន៍មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រាល់ការមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍ ពង្រឹងសមត្ថភាពសហគមន៍ និងជំរុញការការពារធនធានធម្មជាតិ ដែលពួកគេពឹងផ្អែកសម្រាប់ជីវភាពរស់នៅ៕
 
ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា