អាជ្ញាធរជាតិអប្សរាបង្កើនសមត្ថភាពមន្ត្រី-ភ្នាក់ងារទេសចរណ៍ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» នៃរមណីយដ្ឋានអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរាបង្កើនសមត្ថភាពមន្ត្រី-ភ្នាក់ងារទេសចរណ៍ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» នៃរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបង្កើនសមត្ថភាពមន្ត្រី-ភ្នាក់ងារទេសចរណ៍ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» នៃរមណីយដ្ឋានអង្គរ


អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពិសេសដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍ ដើម្បីប្រែក្លាយពួកគាត់ឱ្យទៅជា «អ្នកអប់រំបេតិកភណ្ឌ» ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជឿជាក់បាន ក្នុងតំបន់រមណីយដ្ឋានអង្គរ។
 
អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពិសេសរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ស្តីពី «ការបង្កើនចំណេះដឹងលើតម្លៃអង្គរ និងកិច្ចការអភិរក្ស» ដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍ចំនួន ៤០រូប។ វគ្គសិក្សានេះរៀបចំឡើងដើម្បីបំពាក់បំប៉នចំណេះដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ អារ្យធម៌ សិលាចារឹក តម្លៃអក្សរសាស្ត្រខ្មែរ បេតិកភណ្ឌអរូបី ព្រមទាំងជំនឿ និងពិធីបុរាណ ដើម្បីឱ្យអ្នកបំពេញការងារផ្ទាល់នៅតាមប្រាសាទ អាចចែករំលែក និងបកស្រាយព័ត៌មានប្រកបដោយប្រភពច្បាស់លាស់ និងជឿជាក់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
 
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះប្រៀបដូចជាស្ពានតភ្ជាប់រវាងអតីតកាលដ៏រុងរឿងនៃអង្គរ មកកាន់មន្ត្រីបុគ្គលិក ដែលជាកូនចៅអ្នកស្រុកអង្គរផ្ទាល់ ក្នុងការស្វែងយល់បន្ថែមពីប្រវត្តិដូនតារបស់ខ្លួន។ លោកបានបន្ថែមថា ការអប់រំពង្រឹងជំនាញជាប្រចាំបែបនេះ នឹងប្រែក្លាយភ្នាក់ងារទេសចរណ៍ទាំងអស់ឱ្យក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» និងជាប្រតិបត្តិករ ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ អាជ្ញាធរជាតិអប្សរាក៏គ្រោងនឹងបន្តរៀបចំវគ្គបំប៉នជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាចង់ចេះចង់ដឹងបន្ថែមរបស់មន្ត្រី-បុគ្គលិកផងដែរ។
 
ក្នុងវគ្គសិក្សានេះ អ្នកជំនាញបានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅលើប្រធានបទស្នូលសំខាន់ៗ រួមមាន៖ ការសិក្សាពីប្រវត្តិសាស្ត្រ រចនាសម្ព័ន្ធទីក្រុងបុរាណ ភូមិសាស្ត្រ ប្រព័ន្ធសុខាភិបាល អប់រំនិងការរៀបចំដែនដីសម័យបុរាណក៏ដូចជាប្រវត្តិសាស្ត្រ និងនីតិវិធីនៃការអភិរក្ស ការស្រាវជ្រាវ និងការចុះបញ្ជីអង្គរជាបេតិកភណ្ឌពិភពលោក។ សិក្ខាកាមក៏អាចស្វែងយល់ពីបេតិកភណ្ឌរូបី អរូបី ទំនាក់ទំនងរវាងមនុស្ស និងប្រាសាទ ព្រមទាំងការអភិរក្សបេតិកភណ្ឌរស់។
 
បន្ថែមពីនេះ វគ្គសិក្សាក៏រំលេចពីតម្លៃសិលាចារឹក ដែលជា «បណ្ណសារប្រវត្តិសាស្ត្រដ៏រស់រវើក» និងតម្លៃមហាសាលនៃភាសា-អក្សរសាស្ត្រខ្មែរ ដែលជាអត្តសញ្ញាណ និងជាប្រាជ្ញាញាណដូនតា ដើម្បីដាស់ស្មារតីមោទនភាពជាតិ និងរួមគ្នារក្សាអក្សរសាស្ត្រជាតិឱ្យស្ថិតស្ថេរ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា