សម្តេចតេជោ គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើន

សម្តេចតេជោ គាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើន

សម្តេចតេជោ ហ៊ុន សែន គាំទ្រកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងយុវជនឡាវ លើគ្រប់វិស័យ ទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយ និងវិស័យដទៃទៀតឱ្យកាន់តែមានភាពរីកចម្រើន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ថងលី ស៊ីសូលីត ដោយសម្ដេចចាត់ទុកដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃជំរុញទំនាក់ទំនងរវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើន។ នៅឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ខួប៧០ឆ្នាំហើយ។ សម្ដេចបានបញ្ជាក់ថា កម្ពុជា និងឡាវ មិនត្រឹមតែជាអ្នកជិតខាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែជាបងប្អូនល្អជាមួយគ្នាថែមទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តម ថងលី ស៊ីសូលីត បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃដំណើរទស្សនកិចរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ជាបន្តបន្ទាប់ ជាពិសេស ជួបជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាដើម ដើម្បីជជែកផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងកិច្ចការរវាងយុវជននៃប្រទេសទាំងពីឱ្យកាន់តែផុសផុលបន្ថែមទៀត។

ឯកឧត្តម ថងលី ស៊ីសូលីត ចង់ឃើញយុវជនកម្ពុជា និងយុវជនឡាវ បន្តពង្រឹងបន្ថែមនូវកិច្ចការគ្រប់វិស័យទាំងនៅក្នុងក្របខណ្ឌវប្បធម៌ នយោបាយ និងវិស័យដទៃទៀតឱ្យកាន់តែមានភាពរីកចម្រើន។

យោងតាមឯកឧត្តមជា ធីរិទ្ធ សម្ដេចតេជោបានសម្ដែងការគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ហើយសម្ដេចសង្ឃឹមថា យុវជនកម្ពុជា និងយុវជនឡាវនឹងរួមសាមគ្គីគ្នា និងបន្តការចែករំលែកផ្លាស់ប្ដូរយោបល់ និងទស្សនៈគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកបទពិសោធន៍មួយចំនួនដល់ឯកឧត្តម ថងលី ស៊ីសូលីត សម្រាប់សិក្សារៀនសូត្របន្ថែម ពាក់ព័ន្ធអតីតកាលរបស់សម្ដេចក្នុងការដឹកនាំប្រទេស តាំងពីសម្ដេចនៅជាយុវជន រហូតដល់ដឹកនាំប្រទេសក្លាយទៅជាប្រទេសមួយដែលមានការអភិវឌ្ឍ និងសុខសន្តិភាព៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា