សម្តេចធិបតី៖ កម្ពុជាមានវិធីសាស្ត្រទាមទារយកទឹក​ដីមកវិញ ដោយមិនបាច់បង្ហូរឈាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ កម្ពុជាមានវិធីសាស្ត្រទាមទារយកទឹក​ដីមកវិញ ដោយមិនបាច់បង្ហូរឈាម

សម្តេចធិបតី៖ កម្ពុជាមានវិធីសាស្ត្រទាមទារយកទឹក​ដីមកវិញ ដោយមិនបាច់បង្ហូរឈាម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានវិធីសាស្ត្រច្បាស់ លាស់ក្នុងការទាមទារយកទឹកដីមកវិញ ដោយមិនចាំបាច់ ប្រើប្រាស់អាវុធ ឬមានការបង្ហូរឈាមឡើយ។ ការលើក ឡើងនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកល​វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៨ ខែតុលានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានសង្គ្រាមណាបញ្ចប់ដោយសង្គ្រាមនោះទេ ពោល គឺត្រូវតែបញ្ចប់ដោយការចរចាតាម​យន្តការ​នយោបាយ និងសន្តិវិធី។ប្រមុខដឹកនាំរដ្ឋាភិបាល បានគូសបញ្ជាក់ យ៉ាងច្បាស់ថា កម្ពុជា នៅតែបន្ត ដោះស្រាយបញ្ហា ព្រំដែន​ជាមួយភាគីថៃយ៉ាងសកម្មតាម រយៈយន្តការ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC ដើម្បីបញ្ចប់ ការចរចាឱ្យបានឆាប់ ដែល​នឹង​អនុញ្ញាតឱ្យប្រជាពលរដ្ឋ ជាង ២ម៉ឺននាក់ អាចត្រឡប់ទៅរស់នៅផ្ទះសម្បែងដើម វិញ ដោយស្របច្បាប់។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបី​រដ្ឋាភិបាលមានលទ្ធភាពសាងសង់ផ្ទះរាប់ពាន់ខ្នងជូនជនភៀសសឹកក៏ដោយប៉ុន្តែកិច្ចការអាទិភាពគឺការផ្ដល់ភាពកក់ក្ដៅ និងសិទ្ធិរស់នៅ​ក្នុងទឹក​ដីដើមរបស់ពួកគាត់វិញ។

សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា «អំណាចនៃគ្រាប់ កាំភ្លើង អាចដណ្តើមបានតែមួយគ្រា តែមិនអាចកាន់កាប់ បានយូរអង្វែងឡើយ ប្រសិន​បើគ្មានកិច្ចព្រមព្រៀងត្រឹម ត្រូវ» ហើយកម្ពុជាដាច់ខាតមិនទទួលស្គាល់ការប្រើ កម្លាំងបំពានទឹកដីដែលខុស​ច្បាប់អន្តរជាតិ​នោះ​ឡើយ។ ទោះបីជាមានមតិខ្លះយល់ថាការទាមទារតាមផ្លូវច្បាប់មានរយៈពេលយូរក៏ដោយ ប៉ុន្តែកម្ពុជានៅតែរក្សាសិទ្ធិ ប្រើប្រាស់គ្រប់​មធ្យោបាយទាំងការចរចា ច្បាប់អន្តរជាតិ និងការទូត ដើម្បីយកទឹកដីស្របច្បាប់របស់កម្ពុជា មកវិញ ដោយមិនចាំបាច់ឱ្យមានការបង្ហូរ​ឈាម។

សម្តេចបានសង្កត់ធ្ងន់ថា ប្រជាជនខ្មែរមិនមែនកំសាក នោះទេ ប៉ុន្តែក្នុងនាមជាមេដឹកនាំ ការជ្រើសរើស ផ្លូវចរចាដោយសន្តិវិធី គឺជាជម្រើស​ចាំបាច់បំផុត ដើម្បីធានាសុខសន្តិភាព និងជីវភាពរស់នៅដ៏សុខសាន្ត របស់ប្រជាពលរដ្ឋ៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា