កម្ពុជា និងអារ៉ាប៊ីសាអូឌីតជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនចរន្តទេសចរណ៍រវាងប្រទេសទាំងពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងអារ៉ាប៊ីសាអូឌីតជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនចរន្តទេសចរណ៍រវាងប្រទេសទាំងពីរ

កម្ពុជា និងអារ៉ាប៊ីសាអូឌីតជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនចរន្តទេសចរណ៍រវាងប្រទេសទាំងពីរ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបប្រកបដោយផ្លែផ្កា កាលពីថ្ងៃទី៦ ខែតុលា ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរាជទូត និងអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរាជទូតថ្មី ព្រមទាំងបានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជាលើវិស័យជាច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីអារ៉ាប៊ីសាអូឌីត ជាពិសេសលើវិស័យទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយរបស់កម្ពុជា និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់ជាតិ។ កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទីផ្សារ។

ក្នុងនោះ កម្ពុជាកំពុងជំរុញយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍ដោយភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ជាពិសេសភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ា។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបសម្តែងការគួរសម និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត។

តាមរយៈការពិភាក្សា និងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ គូភាគីបានឯកភាពពិនិត្យលទ្ធភាពពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម និងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់គ្នាទៅវិញទៅមក និងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍។

ជាមួយគ្នានេះ គូភាគីក៏បានពិភាក្សាអំពីការជំរុញការវិនិយោគ ការធ្វើទីផ្សារ និងការផ្សព្វផ្សាយរួមលើវិស័យទេសចរណ៍មូស្លីម។ ចំណុចសំខាន់មួយទៀត គឺការសហការរួមគ្នាជំរុញក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines ឱ្យពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់ និងទៀងទាត់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ ដើម្បីជួយសម្រួលការធ្វើដំណើរ និងជំរុញចរន្តភ្ញៀវទេសចរ និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ត្រូវបានជំរុញជាបន្តបន្ទាប់ តាមរយៈការគាំទ្ររបស់កម្ពុជាចំពោះការបង្កើតការិយាល័យតំបន់របស់អង្គការទេសចរណ៍ពិភពលោក (UN Tourism) នៅរាជធានីរីយ៉ាដ និងការគាំទ្រការធ្វើជាម្ចាស់ផ្ទះសន្និបាតទូទៅរបស់ UN Tourism ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ។

ដោយ៖ ជាវ ចន្ធូ
ប្រភព៖ ក្រសួងទេសចរណ៍

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា