អាមេរិកហាមកងទ័ពផឹកស្រា និង ចេញបំរាមគោចរ ក្រោយស្ត្រីជប៉ុនម្នាក់ត្រូវបានសម្លាប់ នៅ Okinawa | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកហាមកងទ័ពផឹកស្រា និង ចេញបំរាមគោចរ ក្រោយស្ត្រីជប៉ុនម្នាក់ត្រូវបានសម្លាប់ នៅ Okinawa

អាមេរិកហាមកងទ័ពផឹកស្រា និង ចេញបំរាមគោចរ ក្រោយស្ត្រីជប៉ុនម្នាក់ត្រូវបានសម្លាប់ នៅ Okinawa

តូក្យូ ៖ កងទ័ពអាមេរិកនៅតំបន់ Okinawa ប្រទេសជប៉ុន ត្រូវអនុវត្តបម្រាមគោចរ រយៈពេលមួយខែ និងហាមឃាត់ការផឹកគ្រឿងស្រវឹង ក្រោយពីមានករណីឃាតកម្ម លើទាហានម៉ារីនជាជនជាតិជប៉ុនម្នាក់ នៅទីតាំងឈរជើងរបស់ទាហានទីក្រុងវ៉ាស៊ីនតោនទាំងនោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាអាមេរិក កាលពីថ្ងៃអង្គារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, លោកឧត្តមសេនីយ៍ទោ Benjamin Watson ដែលបញ្ជាឱ្យអនុវត្តវិធានការបំរាមទាំងនេះ បានរៀបរាប់ រាល់ប្រតិបត្តិការយោធាអាមេរិកនៅ Okinawa នឹងត្រូវផ្អាករយៈពេល ៤៨ម៉ោង ខណៈពេលដែលកងទ័ពទទួលការបណ្តុះបណ្តាលស្តីពីស្តង់ដារ និងវិន័យ។

បើតាម Reuters, ទាហានអាមេរិក ឈ្មោះ Devin Jacob Ballard អាយុ ២០ឆ្នាំ ត្រូវបានសង្ស័យថា បានសម្លាប់ទាហានម៉ារីនជាជនជាតិជប៉ុន នាង Anna Yagi អាយុ៣៩ឆ្នាំ នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុង Naha កាលពីថ្ងៃសៅរ៍ ហើយបានយកកាបូបលុយ និងកាបូបស្ពាយរបស់នាងទៅជាមួយ។

ប៉ូលិសបានប្រាប់កាសែត Stars and Stripes ថា នាង Yagi បានស្លាប់ដោយសារការថប់ដង្ហើម ឬ ខ្វះអុកស៊ីសែន បន្ទាប់ពីរងការសង្កត់លើករបស់នាង។ ប៉ុន្តែ លោក Ballard ប្រាប់ប៉ូលិសថា រូបគេបដិសេធការចោទប្រកាន់ទាំងនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានហៅករណីឃាតកម្មនោះថា «ឃោរឃៅ និង អាក្រក់បំផុត»។ លោកស្រី បានតវ៉ាយ៉ាងខ្លាំងទៅកាន់សហរដ្ឋអាមេរិក និងទាមទារឱ្យមានវិធានការដើម្បីការពារកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងទៀត នៅពេលអនាគត។

ករណីនេះគឺជាហេតុការណ៍ចុងក្រោយបង្អស់ នៅក្នុងស៊េរីនៃឧប្បត្តិហេតុជាច្រើន ដែលបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីវត្តមានដ៏ច្រើននៃកងទ័ពអាមេរិកនៅលើប្រជុំកោះក្បែរតៃវ៉ាន់ និង ចិន ខណៈដែលមន្ត្រីអាមេរិកព្រមានថា វាអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏សំខាន់សម្រាប់សន្តិសុខនៅអាស៊ីបូព៌ា។

ធ្លាប់មានករណីរំលោភសេពសន្ថវៈ លើក្មេងស្រី អាយុ ១២ឆ្នាំ នៅតំបន់ Okinawa នេះដូចគ្នា បង្កឡើងដោយទាហានអាមេរិក ចំនួន ៣នាក់ កាលពីឆ្នាំ១៩៩៥ នាំឱ្យមានការតវ៉ាយ៉ាងទ្រង់ទ្រាយធំ។

វត្តមានរបស់កងទ័ពអាមេរិកនៅទីនោះក៏បានបង្កឱ្យមានការមិនពេញចិត្តជាបន្តបន្ទាប់ ក្នុងចំណោមប្រជាពលរដ្ឋមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ដូចជា សំឡេងរំខាន, គ្រោះថ្នាក់ធ្លាក់យន្តហោះ និងឥរិយាបថរបស់បុគ្គលិកយោធា៕

ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា