អាមេរិក រៀបជើងព្រួលវាយ អ៊ីរ៉ង់ ខ្នាតធំ មុនបោះឆ្នោត, អ៊ីរ៉ង់ ប្រកាសត្រៀមអាវុធធុនធ្ងន់ ១ ពាន់ឈុតប្រយុទ្ធទប់ទល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក រៀបជើងព្រួលវាយ អ៊ីរ៉ង់ ខ្នាតធំ មុនបោះឆ្នោត, អ៊ីរ៉ង់ ប្រកាសត្រៀមអាវុធធុនធ្ងន់ ១ ពាន់ឈុតប្រយុទ្ធទប់ទល់

អាមេរិក រៀបជើងព្រួលវាយ អ៊ីរ៉ង់ ខ្នាតធំ មុនបោះឆ្នោត, អ៊ីរ៉ង់ ប្រកាសត្រៀមអាវុធធុនធ្ងន់ ១ ពាន់ឈុតប្រយុទ្ធទប់ទល់

វ៉ាស៊ីនតោន ៖ សេតវិមានកាលពីថ្ងៃពុធបានស្នើឲ្យមន្ទីរបញ្ចកោណរៀបចំជើងព្រួលវាយប្រហារថ្មីទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ ខណៈផែនការនេះអាចនឹងត្រូវអនុវត្តមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សភាអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Axios ។

ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងក្រុមមន្ត្រីរបស់លោកកំពុងបន្តពិភាក្សាគ្នាអំពីកម្រិត និងគោលដៅនៃការវាយប្រហារដែលអាចនឹងកើតឡើង ក៏ដូចជាការសម្រេចចិត្តថាតើត្រូវអនុវត្តប្រតិបត្តិការនេះឬក៏អត់ ។

យ៉ាងណា ក្នុងករណីដែលការវាយប្រហារខ្នាតធំទៅលើអ៊ីរ៉ង់កើតឡើងមែននោះ អាមេរិកអាចនឹងធ្វើការទម្លាក់គ្រាប់បែកទៅលើគោលដៅថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

បើតាម MiddleEast Monitor, ដំណឹងនេះត្រូវបានចេញផ្សាយ ស្របពេលដែលអ៊ីរ៉ង់បានព្រមានថា រាល់ការវាយប្រហារថ្មីណាមួយ ពីសំណាក់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល នឹងត្រូវប្រឈមមុខនឹងការឆ្លើយតបដ៏ខ្លាំងក្លាជាងមុន ដោយអ៊ីរ៉ង់អះអាងថា ខ្លួនបានកំណត់គោលដៅដ៏មានសក្តានុពលសម្រាប់ការសងសឹក និង បានពង្រីកសមត្ថភាពផលិតអាវុធរបស់ខ្លួនយ៉ាងខ្លាំងក្លា ។

អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaei-Nik និយាយថា សមត្ថភាពផលិតឧបករណ៍ការពារជាតិ បានកើនឡើង ២,៥ ដង ខណៈការផលិតអាវុធមួយចំនួនទៀតរបស់អ៊ីរ៉ង់ក៏បានកើនឡើងជាង ៣ ដងផងដែរ បើធៀបនឹងកម្រិតមុនពេលមានសង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ។

លោកបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការពារជាតិ និងបណ្តាញដៃគូរបស់ខ្លួនមានសមត្ថភាពផលិតបានប្រព័ន្ធអាវុធ, យុទ្ធោបករណ៍ និងគ្រាប់រំសេវផ្សេងៗជាង ១ ពាន់ឈុតត្រៀមខ្លួនតតាំងនឹងសត្រូវ ។

ក្រៅពីផលិតបានអាវុធខ្លួនឯង អ្នកនាំពាក្យរូបនេះក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការការពារជាតិរបស់អ៊ីរ៉ង់ ជាមួយរុស្ស៊ី និងចិនផងដែរថា មិនបានបញ្ឈប់ ឬ ធ្លាក់ចុះនោះទេ ទោះបីជាមានព្រឹត្តិការណ៍ថ្មីៗកើតឡើងក៏ដោយ ៕

ប្រភព ៖ Axios _ middleeastmonitor, ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា