កាកបាទក្រហមកម្ពុជាជូនអំណោយមនុស្សធម៌ជូននិវត្តន៍ជន និងសិល្បករចាស់ព្រឹទ្ធាចារ្យ ២៥១នាក់ ក្នុងរដូវកាលភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាកបាទក្រហមកម្ពុជាជូនអំណោយមនុស្សធម៌ជូននិវត្តន៍ជន និងសិល្បករចាស់ព្រឹទ្ធាចារ្យ ២៥១នាក់ ក្នុងរដូវកាលភ្ជុំបិណ្ឌ

កាកបាទក្រហមកម្ពុជាជូនអំណោយមនុស្សធម៌ជូននិវត្តន៍ជន និងសិល្បករចាស់ព្រឹទ្ធាចារ្យ ២៥១នាក់ ក្នុងរដូវកាលភ្ជុំបិណ្ឌ

ភ្នំពេញ៖ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា ទិវាមនុស្សចាស់អន្តរជាតិ ១ តុលា និងក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ​ខ្មែរ​កាលពី​ព្រឹក​ថ្ងៃទី៨ ខែតុលា កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងជូនអំណោយមនុស្សធម៌ ជូនដល់និវត្តន៍ជនជាសិល្បករ សិប្បករ និងអ្នកវិជ្ជាជីវៈលើវិស័យវប្បធម៌ចំនួន ២៥១នាក់ មកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។

កម្មវិធីនេះបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ចាស់ព្រឹទ្ធាចារ្យ និងអ្នកមានគុណូបការៈចំពោះជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការលោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវកតញ្ញូតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តម​បានគូសបញ្ជាក់ថា ព្រឹទ្ធាចារ្យសិល្បករទាំងអស់គឺជា «មរតកមនុស្សរស់» ជាឃ្លាំងចំណេះដឹង និងជាស្ពានភ្ជាប់អតីតកាល មកបច្ចុប្បន្ន និងអនាគត ដែលបានលះបង់ពេញមួយជីវិត បន្សល់ទុកនូវបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់​ក្រោយ។

ក្នុងប្រសាសន៍សំណេះសំណាល លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងការសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីទាំងមូល។ ជាមួយគ្នានេះ លោកជំទាវក៏បានក្រើនរំលឹក និងអំពាវនាវ​ដល់បង​ប្អូនសិល្បករឱ្យយកចិត្តទុកដាក់លើសុខភាព ដោយអនុវត្តការហូបស្អាត ផឹកស្អាត និងកាត់បន្ថយការបរិភោគផ្អែម ប្រៃ ឬខ្លាញ់ជ្រុល ដើម្បីជៀសវាងជំងឺមិនឆ្លងផ្សេងៗ។

តំណាងនិវត្តន៍ជន និងសិល្បករទាំងអស់ ក៏បានសម្តែងនូវក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងមិនដែលបោះបង់ចោលសិល្បករចាស់ៗឡើយ។

សូមជម្រាបថាអំណោយដែលបានចែកជូនមាន អង្ករ, មី , ត្រីខ , ទឹកត្រី, ទឹកស៊ីអ៊ីវ , ទឹកបរិសុទ្ធ , ភេសជ្ជៈ , សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន និងថវិកាលើកទឹកចិត្តមួយចំនួន៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា