UN អរគុណកងទ័ពមួកខៀវកម្ពុជា ចំពោះការចូលរួមថែរក្សាសន្តិភាពនៅជុំវិញពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN អរគុណកងទ័ពមួកខៀវកម្ពុជា ចំពោះការចូលរួមថែរក្សាសន្តិភាពនៅជុំវិញពិភពលោក

UN អរគុណកងទ័ពមួកខៀវកម្ពុជា ចំពោះការចូលរួមថែរក្សាសន្តិភាពនៅជុំវិញពិភពលោក

អង្គការសហប្រជាជាតិ បានបង្ហោះសារមួយលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីយប់ថ្ងៃទី៨តុលា ដើម្បីអរគុណ​ដល់កងកម្លាំងកម្ពុជាដ៏ក្លាហាន ទាំងស្ត្រី និងបុរស ដែលបានធ្វើការលះបង់ និងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
 
អង្គការសហប្រជាជាតិបានបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពចំនួន ៥ របស់អង្គការសហប្រជាជាតិ នៅជុំវិញពិភពលោក ដោយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារប្រជាជនដែលងាយរងគ្រោះបំផុត។
 
កន្លែងដែលកងកម្លាំងមួកខៀវកម្ពុជាកំពុងបំពេញបេសកកម្ម​ គឺនៅតំបន់ Abyei, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ប្រទេសលីបង់ និងប្រទេសស៊ូដង់ខាងត្បូង។
 
កម្ពុជាធ្លាប់ជាប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅចន្លោះឆ្នាំ ១៩៩២-១៩៩៣   ហើយប្រែក្លាយជាប្រទេសមួយដែលបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិវិញម្តងចាប់តាំងពីឆ្នាំ ២០០៥។
 
រយៈពេល២០ឆ្នាំ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមក្នុងបេសកកម្មក្រោមឆ័ត្រ UN សរុបចំនួន ១០ ៧២៦នាក់ ក្នុងនោះមាននារីចំនួន ១ ០៥២នាក់ ដោយបំពេញបេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានដូចជា ៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស, យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។​
 
បច្ចុប្បន្ន កម្ពុជាគឺជាប្រទេសដែលរួមចំណែកបញ្ជូនកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី ២៦ ដល់អង្គការសហប្រជាជាតិ។​ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅបំពេញបេសកកម្មលើជំនាញបោសសំអាតមីន វិស្វកម្មពហុជំនាញ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ សង្កេតការណ៍យោធា ការសាងសង់ និងជួសជុលផ្លូវថ្នល់ ស្ពាន និងព្រលានយន្តហោះ។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមកងកម្លាំងទាំងជាង១ម៉ឺននាក់ដែលកម្ពុជាបានបញ្ជូនទៅ មាន ៣០នាក់បានពលីជីវិតក្នុងពេលបំពេញបេសកកម្ម។ ប្រទេសកម្ពុជា និងអង្គការសហប្រជាតិ បានសម្តែងការគោរព និងចងចាំជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា