នគរបាលបំបែកសំណុំរឿងព្រហ្មទណ្ឌជាង ២០០ករណី និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្នុងខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នគរបាលបំបែកសំណុំរឿងព្រហ្មទណ្ឌជាង ២០០ករណី និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្នុងខែកញ្ញា

នគរបាលបំបែកសំណុំរឿងព្រហ្មទណ្ឌជាង ២០០ករណី និងឃាត់ខ្លួនមនុស្សជាង ៣០០នាក់ ក្នុងខែកញ្ញា

ភ្នំពេញ៖ក្នុងរយៈពេលពេញមួយខែកញ្ញា ឆ្នាំ២០២៦ កម្លាំង​នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិ​ការ​បង្ក្រាបបទល្មើស​ព្រហ្មទណ្ឌយ៉ាងសកម្ម ដោយទប់​ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿងបាន​រហូតដល់ ២០៥ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យ​សរុប ៣១៥នាក់ និងកសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ចាត់ការតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បទល្មើស​ព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ រួមមានបទល្មើសហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម ការប្រើប្រាស់អាវុធខុស​ច្បាប់ និងមនុស្សឃាតអចេតនា។ ក្នុងនោះបទល្មើស​ដែល​​កើត​ឡើង ហើយសមត្ថកិច្ចបង្ក្រាបបាន​ច្រើន​ជាងគេ គឺបទល្មើសលួចចំនួន ៩១ករណី និងបទល្មើស​ហិង្សាចំនួន ៦៤ករណី។

ប្រភពដដែលបានបន្ថែមថា បទល្មើសទាំងនេះបាន​កើតឡើងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ២០ទៀត រួមមាន ខេត្តសៀមរាប ស្វាយរៀង ត្បូងឃ្មុំ តាកែវ ពោធិ៍សាត់ ព្រះវិហារ កណ្ដាល ក្រចេះ មណ្ឌលគិរី ព្រះសីហនុ ឧត្តរមានជ័យ កំពត ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង ព្រៃវែង បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ចំពោះទោសទណ្ឌនៃបទល្មើសនីមួយៗ ផ្អែកតាមក្រម​ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ បានកំណត់យ៉ាងច្បាស់លាស់។ បទហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល ហើយក្នុង​ករណី​ប្រព្រឹត្តដោយគិតទុកជាមុន ប្រើប្រាស់អាវុធ គំរាមកំហែងនឹងអាវុធ ឬមានមនុស្សច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។

ចំពោះបទល្មើសលួច តាមមាត្រា៣៥៦ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។ ប្រសិនបើជាបទលួច​មានស្ថានទម្ងន់ទោស ដោយប្រើហិង្សាមុនពេល ក្នុងពេល ឬក្រោយពេលធ្វើសកម្មភាព ឬដោយការ​កាប់គាស់​ទម្លុះ​ទម្លាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ១០ឆ្នាំ ទៅតាមកម្រិតនៃស្ថានទម្ងន់ទោស។

ដោយឡែក បទឆបោក តាមមាត្រា៣៧៨ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។ ករណីប្រព្រឹត្តដោយមន្ត្រី​រាជការ តាំងខ្លួនជាមន្ត្រីរាជការ មានការចាត់តាំងជាក្រុម ឬអំពាវនាវដល់សាធារណជនដើម្បីអង្គាសមូលនិធិជំនួយ​មនុស្សធម៌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ។

សម្រាប់បទឃាតកម្ម តាមមាត្រា១៩៩ អំពើសម្លាប់​មនុស្សដោយចេតនាដោយប្រើអាវុធ ឬមិនប្រើអាវុធ និងគ្មានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។ ប៉ុន្តែប្រសិនរឿងក្តីនេះជាឃាតកម្ម​ប្រព្រឹត្តឡើងដោយគិតទុកជាមុន ឬមានការពួនស្ទាក់ ជនល្មើសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា