កូរ៉េខាងត្បូង ធ្វើតេស្តហោះហើរអាវុធល្បឿនលឿនផលិតផ្ទាល់ដៃជាលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ធ្វើតេស្តហោះហើរអាវុធល្បឿនលឿនផលិតផ្ទាល់ដៃជាលើកដំបូង

កូរ៉េខាងត្បូង ធ្វើតេស្តហោះហើរអាវុធល្បឿនលឿនផលិតផ្ទាល់ដៃជាលើកដំបូង

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានធ្វើតេស្តការហោះហើរអាវុធល្បឿនលឿនជាងសំឡេងដែលផលិតដោយផ្ទាល់ដៃខ្លួនេឯងជាលើកដំបូង ។

បើតាម New York Post, អាវុធយុទ្ធសាស្រ្តនេះ មានឈ្មោះ HGV មានសមត្ថភាពហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ ៥ ដង និងអាចទម្លុះប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវផងដែរ ។

អំឡុងពេលធ្វើតេស្តហោះហើរ អាវុធល្បឿនលឿនជាងសំឡេងនេះ បានផ្ដាច់ចេញពីរ៉ុក្កែតនៅរយៈកម្ពស់ដែលបានគ្រោងទុក ហើយហោះធ្លាក់ចុះជាមួយភាពបត់បែនទាំងបញ្ឈរ និងផ្ដេក មុនធ្លាក់ចំគោលដៅដែលបានកំណត់ ។

អាវុធដែលនឹងចូលខ្លួនមកផ្លាស់ប្តូរមុខមាត់សង្គ្រាមនៅលើឧបទ្វីបកូរ៉េមួយនេះ ត្រូវបានកូរ៉េខាងត្បូងអះអាងថា នៅពេលត្រូវបានអភិវឌ្ឍរួចរាល់ វានឹងមានសមត្ថភាពវាយប្រហារលើគោលដៅសំខាន់ៗ ដោយមិនឱ្យសត្រូវដឹងខ្លួនជាមុនឡើយ ។

ការសាកល្បងអាវុធល្បឿនលឿនជាងសំឡេងនេះ មានគោលបំណងផ្ទៀងផ្ទាត់បច្ចេកវិទ្យាសំខាន់ៗ រួមមាន សម្ភារៈការពារកម្ដៅខ្ពស់ ប្រព័ន្ធណែនាំ និងគ្រប់គ្រងការហោះហើរ ព្រមទាំងសមត្ថភាពបត់បែនគន្លងហោះក្នុងរយៈកម្ពស់ទាប ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និយាយថា ការសាកល្បងនេះ គឺជាការបោះជំហានដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពអាវុធទូទៅមិនមែននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ។

ជាមួយគ្នានេះ ការធ្វើតេស្តហោះហើរនៃអាវុធល្បឿនលឿនជាងសំលេង HGV របស់កូរ៉េខាងត្បូង កើតឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគូប្រជែងកូរ៉េខាងជើងបានអះអាងពីការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពហោះជ្រែកមេឃក្នុងចម្ងាយប្រហែល ១ ពាន់គីឡូម៉ែត្រ ។

ផ្ទុយស្រឡះពីការអះអាងរបស់កូរ៉េខាងជើង យោធាកូរ៉េខាងត្បូងបានវាយតម្លៃថា មីស៊ីលនេះ មានសមត្ថភាពហោះហើរក្នុងចម្ងាយជាង ៧០០ គីឡូម៉ែត្រប៉ុណ្ណោះ ខណៈជប៉ុនបានប៉ាន់ប្រមាណថា វាអាចហោះបានចម្ងាយប្រហែល ៦៨០ គីឡូម៉ែត្រ ៕

ប្រភព ៖ New York Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា