គណៈកម្មការផ្សះផ្សា UNCLOS នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជានិងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤-១៨ ខែតុលា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មការផ្សះផ្សា UNCLOS នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជានិងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤-១៨ ខែតុលា

គណៈកម្មការផ្សះផ្សា UNCLOS នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជានិងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤-១៨ ខែតុលា

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ចាប់ពីថ្ងៃទី១៤ ដល់ ១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធ៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជានិងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងដំណើរការដោយសន្តិវិធី ដែលផ្ដួចផ្ដើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ។ ផ្អែកលើមូលដ្ឋាននៃការពិភាក្សាប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទី១នៅប្រទេសសិង្ហបុរី កិច្ចប្រជុំលើកនេះនឹងផ្ដល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងរកឃើញចំណុចដែលឯកភាពគ្នាពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។

អ្នកនាំពាក្យបន្តថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា អមដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង នឹងដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ ចូលរួមកិច្ចប្រជុំនេះ។ ដូចដែលបានគូសបញ្ជាក់ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅប្រទេសសិង្ហបុរីរួចហើយថា គោលបំណងចម្បងរបស់កម្ពុជា គឺសម្រេចដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។

ឯកឧត្តម ប៉ែន បូណា បានអះអាងថា កម្ពុជាមានចេតនាចុះសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលគ្របដណ្ដប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ប្រកបដោយសមធម៌ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។ ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសណាមួយដូចបានលើកឡើងខាងលើ កម្ពុជាស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ និងមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា