អ្នកនាំពាក្យ៖ កម្ពុជានិងវៀតណាម បានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ កម្ពុជានិងវៀតណាម បានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត

អ្នកនាំពាក្យ៖ កម្ពុជានិងវៀតណាម បានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត

អ្នកនាំពាក្យរាជរដ្ឋាភិបាលឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្ពុជានិងវៀតណាមបានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តម ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព នាឱកាសដែលប្រមុខរដ្ឋាភិបាលវៀតណាមបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា។

អ្នកនាំពាក្យបានបន្តថា ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខគឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាឆ្នាំមិត្តភាពរវាងកម្ពុជានិងវៀតណាម។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាយុវជននៃប្រទេសទាំងពីរ រៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបនៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមភាគីវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់ ហើយបានកោតសរសើរនិងអបអរសាទរប្រទេសវៀតណាមដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៨,០២% ក្នុងឆ្នាំ២០២៥ និងអត្រា ៩,០១% ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងសម្រេចបាននូវកំណើនក្នុងរង្វង់២ខ្ទង់ និងឈានទៅសម្រេចបាននូវទិសដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។

នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅនិងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ក៏ដូចជាជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗរួមមាន៖ នយោបាយ, ការពារជាតិ និងសន្ដិសុខ, សេដ្ឋកិច្ច, ពាណិជ្ជកម្មនិងវិនិយោគ, កសិកម្ម, ថាមពល អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការតភ្ជាប់រវាងប្រជាជននិងប្រជាជនជាដើម។ សម្ដេចធិបតី ក៏បានជម្រាបជូន សមភាគីវៀតណាមអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួន៦ត្រូវបានចុះហត្ថលេខាក្នុងនោះរួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនស្វាយរៀង, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់រយៈពេល២០២៦-២០៣០, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិរក្សនិងការផ្សព្វផ្សាយស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅកម្ពុជា, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ វេទិកាធុរកិច្ចដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរក៏ត្រូវបានបើកធ្វើនៅរាជធានីភ្នំពេញ។

ក្នុងជំនួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាជាមួយសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ភាគីទាំងពីរសុទ្ធតែបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-វៀតណាម ដែលបាននាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងព្រះបរមរាជវាំងផងដែរ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា