បណ្ឌិត គិន ភា អំពាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែនតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ឌិត គិន ភា អំពាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែនតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី!

បណ្ឌិត គិន ភា អំពាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែនតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី!

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមថា «រឿងទឹកដី បើឈ្លោះគ្នាចំណេញដី បន្តឈ្លោះទៀតចុះ, ប៉ុន្តែបើកាន់តែឈ្លោះ ដីកាន់តែរួញ, ល្មមឈប់ទៅ! សូមអំពាវយ៉ាងទទូចដល់លោក អ៊ុំ សំអាន ចូលស្រុកពិភាក្សារឿងព្រំដែនតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី!»។

បណ្ឌិត គិន ភា យល់ថា ការអញ្ជើញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនលោក អ៊ុំ សំអាន និងក្រុមរបស់លោក ឱ្យវិលត្រឡប់មកកម្ពុជា ដើម្បីជជែកពិភាក្សាដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ គឺជាឱកាសដ៏សមស្របមួយសម្រាប់​ផ្ទៀងផ្ទាត់ភស្តុតាង ​បំភ្លឺការពិត និង​បង្ហាញការទទួលខុសត្រូវចំពោះជាតិ ទឹកដី និងប្រជាជន។

តាំងពីឆ្នាំ២០១៥មក អស់រយៈពេលជាង១០​ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំងឈ្លោះគ្នារឿងទឹកដីនិងព្រំដែន តែនៅលើប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គម ពួកគេមិនដែលមកជជែកតតាំងគ្នាទល់មុខគ្នាម្តងណាសោះឡើយ។

បញ្ហាព្រំដែន ជាបញ្ហាអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិដ៏សំខាន់បំផុត ដែលត្រូវដោះស្រាយដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ សន្ធិសញ្ញា ផែនទី ឯកសារច្បាប់អន្តរជាតិ និងភស្តុតាងបច្ចេកទេសច្បាស់លាស់។ បញ្ហានេះមិនអាចយកការសន្និដ្ឋានផ្ទាល់ខ្លួន ការចោទប្រកាន់ដែលខ្វះភស្តុតាង ឬវោហាស័ព្ទនយោបាយ មកជំនួសការវិភាគបែបវិទ្យាសាស្ត្រនិងការពិចារណាតាមផ្លូវច្បាប់បានឡើយ។

រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី ចំណែកអ្នកនយោបាយប្រឆាំងក៏មានសិទ្ធិនិងការទទួលខុសត្រូវក្នុងការត្រួតពិនិត្យ រិះគន់ និងផ្តល់យោបល់បែបស្ថាបនាដែរ។ ប៉ុន្តែការរិះគន់ត្រូវឈរលើភស្តុតាង ភាពស្មោះត្រង់ខាងវិទ្យាសាស្ត្រនិងបច្ចេកទេស និងផលប្រយោជន៍ជាតិពិតប្រាកដ។ ការប្រឆាំងរាជរដ្ឋាភិបាល មិនគួរប្រែក្លាយទៅជាការបង្កើតការយល់ច្រឡំ ការបំបែកបំបាក់ជាតិ ឬការយកបញ្ហាអធិបតេយ្យជាតិធ្វើជាឧបករណ៍កេងចំណេញនយោបាយឡើយ។

ក្នុងន័យនេះ បណ្ឌិត គិន ភា ចង់ឃើញលោក អ៊ុំ សំអាន និងក្រុមរបស់លោក ទទួលយកការអញ្ជើញនេះ ដោយនាំយកឯកសារ ផែនទី និងភស្តុតាងដែលលោកមាន មកពិភាក្សា​និងផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល ក្នុងបរិយាកាសបើកចំហ ស្មើភាព មានសុវត្ថិភាព និងការទទួលខុសត្រូវក្នុងមហាគ្រួសារខ្មែរ។ ប្រសិនបើការអះអាងរបស់លោកមានមូលដ្ឋានត្រឹមត្រូវ នោះគឺជាការរួមចំណែកដ៏សំខាន់ដល់ការការពារផលប្រយោជន៍ជាតិ។ ក៏ប៉ុន្តែ ប្រសិនបើភស្តុតាងរបស់លោកមិនអាចគាំទ្រការអះអាងរបស់លោកបាននោះទេ, លោកក៏គួរមានភាពក្លាហានទទួលស្គាល់និងកែតម្រូវដែរ។ ការពិតត្រូវកំណត់ដោយភស្តុតាង មិនមែនដោយជំហរនយោបាយឬការសន្និដ្ឋានបែបអត្តនោម័តនោះឡើយ។

បើនិយាយដោយយុត្តិធម៌ រាស្ត្រខ្មែរមិនគួរជាប់គុកដោយសារតែការស្រឡាញ់ទឹកដីទេ ប៉ុន្តែការស្រឡាញ់ទឹកដីក៏មិនមែនជាអភ័យឯកសិទ្ធិ ដើម្បីចោទប្រកាន់រាជរដ្ឋាភិបាលដោយគ្មានភស្តុតាងដែរ។ ដូចបានបញ្ជាក់ខាងលើ ការលើកឡើងពីបញ្ហាទឹកដីត្រូវតែផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ សន្ធិសញ្ញា ផែនទី ឯកសារច្បាប់អន្តរជាតិ និងភស្តុតាងបច្ចេកទេសច្បាស់លាស់ មិនមែនផ្អែកលើអារម្មណ៍ឬការគិតផ្ទាល់ខ្លួនទេ។

នៅចំពោះមុខបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់ដោះស្រាយចប់ កម្ពុជាត្រូវការឯកភាពជាតិ កម្លាំងបញ្ញា ការទូត ច្បាប់អន្តរជាតិ និងស្មារតីទទួលខុសត្រូវរួម។ គ្មានអ្នកណាម្នាក់មានភាពផ្តាច់មុខលើស្មារតីស្នេហាជាតិតែម្នាក់ឯងបានឡើយ។ ស្នេហាជាតិពិតប្រាកដ មិនមែនវាស់វែងតាមសំឡេងនិយាយខ្លាំងឬការចោទប្រកាន់ខ្លាំងប៉ុណ្ណានោះទេ ប៉ុន្តែវាស់វែងតាមចំណេះដឹង ភស្តុតាង សុចរិតភាព និងការទទួលខុសត្រូវចំពោះជាតិ។ ជាតិយើងជារបស់យើងទាំងអស់គ្នា ហើយផលប្រយោជន៍ជាតិត្រូវតែស្ថិតនៅពីលើផលប្រយោជន៍នយោបាយបក្ស ឬក្រុម៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា