អ្នកនាំពាក្យ៖ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងររបស់លោក អ៊ុំ សំអាន ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាចគឺមិនអាចទទួលយកបានឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងររបស់លោក អ៊ុំ សំអាន ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាចគឺមិនអាចទទួលយកបានឡើយ

អ្នកនាំពាក្យ៖ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងររបស់លោក អ៊ុំ សំអាន ថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាចគឺមិនអាចទទួលយកបានឡើយ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា មុនចេញដំណើរទៅបំពេញទស្សនកិច្ចក្រៅប្រទេសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកឯកសារ និងភស្តុតាងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ មកជជែកគ្នាត្រង់ទៅត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា។ ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន បានតាំងខ្លួនជាអ្នកជំនាញព្រំដែន ហើយនិយាយពីបញ្ហាព្រំដែនដោយគ្មានមូលដ្ឋានអ្វីទាំងអស់ ហើយចុងក្រោយនេះលោក អ៊ុំ សំអាន លើកអំពីករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ៥២ និង៥៩ ដោយចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីប្តូរយកសន្តិភាពនិងអំណាច។

អ្នកនាំពាក្យបានបន្តថា សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ការលើកបែបនេះមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ គឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជាថាបានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា ជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយដែលមិនអាចទទួលយកបាន។ «ដូច្នេះ នេះជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ដើម្បីបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ»។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតីក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

សម្តេចធិបតីបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ដែលការចរចានិងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃមិនទាន់ចប់ យើងមិនអាចបញ្ចេញព័ត៌មានរសើបមួយចំនួនជាលក្ខណៈទូលំទូលាយតាមបណ្ដាញសង្គមបានទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ ក្នុងពេលជជែកវែកញែកគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី បើកឱកាសឱ្យមានការចូលរួមស្តាប់ពីអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ ក្នុងកម្រិតណាមួយដើម្បីធ្វើជាសាក្សី ដើម្បីបានដឹង បានលឺ អំពីព័ត៌មានពិត ពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ក៏បានប្រកាសធានាសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ក្នុងអំឡុងពេលមានវត្តមាននៅប្រទេសកម្ពុជា រហូតដល់ពេលចាកចេញផុតពីកម្ពុជា ដោយសម្តេចបានបញ្ជាក់ច្បាស់ថា ជាអ្នកដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល សម្តេចគ្មានការចាំបាច់អីទៅបំផ្លាញទំនុកចិត្តនយោបាយពីប្រជាជន តាមរយៈការភូតភរឬការធានាមិនពិតប្រាកដជាសាធារណៈ ជាពិសេសចំពោះអ្នកនយោបាយកម្រិតលោក អ៊ុំ សំអាន នោះទេ។ ហេតុដូច្នេះ ការព្រួយបារម្ភអំពីសុវត្ថិភាព មិនគួរជាកម្មវត្ថុដែលរារាំងលោក អ៊ុំ សំអាន មិនឱ្យមកចូលរួមតាមការអញ្ជើញនេះឡើយ។ បើតាមសម្តេចធិបតី ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺដើម្បីឱ្យប្រជាពលរដ្ឋខ្មែរក្នុងប្រទេសបានចូលរួមស្តាប់ធ្វើជាសាក្សី ហើយបើមានការចាំបាច់ត្រូវចុះផ្ទៀងផ្ទាត់នៅលើដីក៏យើងអាចធ្វើបាន។ ដូច្នេះ សម្តេចធិបតីចាត់ទុកថា នេះគឺជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានមូលដ្ឋានត្រឹមត្រូវ និងការទទួលខុសត្រូវច្បាស់លាស់ គឺមិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារដោយសារផ្សព្វផ្សាយពីរឿងព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់កាលពីពេលមុននោះទេ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា