ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ខ្សែភាពយន្តឯកសាររយៈពេល ៨៧នាទីនេះ បានបង្ហាញពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះត្រូវបានលួចរត់ពន្ធឆ្លងដែនទៅកាន់គេហដ្ឋានរបស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។

ភាពយន្តឯកសារដែលមានលក្ខណៈស៊ើបអង្កេតនេះ គឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures និងដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក។ ភាពយន្តនេះបង្កប់នូវអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា ព្រោះវាបានលាតត្រដាងពីការពិតនៃការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។ ភាពយន្តនេះមិនត្រឹមតែជាការកត់ត្រា ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំមួយក្នុងការគាំទ្រដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា និងសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកមាតុភូមិវិញ។

ភាពយន្តនេះក៏ទទួលបានការទទួលស្គាល់ និងជ្រើសរើសចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើនដូចជា NHK (Japan Prize, Finalist), Bali International Film Festival, Austin Film Festival, FIPADOC, Cambodia International Film Festival និងមហោស្រពភាពយន្តអន្តរជាតិល្បីៗជាច្រើនទៀត។

ដោយមើលឃើញពីសារៈសំខាន់របស់ខ្សែភាពយន្តឯកសារនេះ ក្រុមហ៊ុន AMS (Apsara Media Services) បានសម្រេចចិត្តជួបពិភាក្សា និងទាក់ទងផ្ទាល់ទៅកាន់ផលិតករដើម្បីបង្កើតកិច្ចសហការនាំយកភាពយន្តនេះមកចាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តទំនើបៗក្នុងប្រទេសកម្ពុជា ក្នុងបំណងជំរុញទឹកចិត្តយុវជន និងសាធារណជនទូទៅឱ្យស្វែងយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រ ព្រមទាំងរួមគ្នាបង្កើតចលនាមួយ ដើម្បីការពារ និងគាំទ្រដល់ការទាមទារសម្បត្តិបុរាណខ្មែរ ដែលត្រូវបានលួចនាំចេញទៅបរទេសឱ្យវិលត្រឡប់មកវិញ។

ភាពយន្តនេះនឹងធ្វើពិធីសម្ពោធផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ (វេលាម៉ោង ៥:០០ ល្ងាច ដល់ ៨:០០ យប់) នៅរោងភាពយន្ត Legend Premium Exchange Square ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងអង្គទូត សិល្បករ-តារាល្បីៗ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។

សំបុត្រចូលទស្សនានឹងមានលក់ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ នៅគ្រប់សាខានៃរោងភាពយន្ត។ ឆ្លៀតឱកាសនេះ ក្រុមហ៊ុន AMS ក៏សូមគូសបញ្ជាក់ផងដែរថា ថវិកាដែលក្រុមហ៊ុនទទួលបានពីការចាក់បញ្ចាំងនេះ នឹងយកទៅចូលរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និងសង្គម ជាពិសេសគាំទ្រដល់ការទាមទារយកសម្បត្តិបុរាណខ្មែរ ដែលត្រូវបានលួចនាំចេញទៅបរទេស ឱ្យវិលត្រឡប់មកមាតុប្រទេសវិញ៕

ព័ត៌មានទំនាក់ទំនងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ (Media Contacts)
លោក អ៊ូច មករា
លេខទូរស័ព្ទ៖ ០១៧ ៦៦៥ ៦៧៥

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា