អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឲ្យលោក សម រង្ស៊ី បញ្ជាក់ការពិតជុំវិញការចោទប្រកាន់លើកងកម្លាំងកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឲ្យលោក សម រង្ស៊ី បញ្ជាក់ការពិតជុំវិញការចោទប្រកាន់លើកងកម្លាំងកម្ពុជា

អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឲ្យលោក សម រង្ស៊ី បញ្ជាក់ការពិតជុំវិញការចោទប្រកាន់លើកងកម្លាំងកម្ពុជា

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យលោក សម រង្ស៊ី បញ្ជាក់ការពិតជុំវិញការចោទប្រកាន់ថាកងកម្លាំងកម្ពុជាជាអ្នកបាញ់លើកងទ័ពថៃមុន ហើយសម្តីនេះត្រូវបានសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមថៃលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់អតីតមេបក្សប្រឆាំង ដែលត្រូវបានសារព័ត៌មានថៃមួយលើកយកមកផ្សាយបន្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

លោក សម រង្ស៊ី ត្រូវបានអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃម្នាក់ ដកស្រង់សម្តីថា៖ «កាលពី ២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា ការលើកឡើងនេះជាព័ត៌មានមិនពិត និងជាការភូតកុហកទាំងស្រុង។ បញ្ហានេះ ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូជាក្រសួងការពារជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា សុទ្ធតែបានបកស្រាយ និងបញ្ជាក់ច្បាស់លាស់រួចហើយ។

ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានទាមទារឲ្យលោក សម រង្ស៊ី ចេញមុខមកបញ្ជាក់ការពិត ដើម្បីជម្រះមន្ទិលជូនសាធារណជន។ ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូច្នេះទេ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។

ក្នុងករណីដែលលោក សម រង្ស៊ី មិនចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានផ្សាយទេ មានន័យថា លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន។ ក្នុងករណីនេះ ឯកឧត្តម ប៉ែន បូណា តម្រូវឲ្យលោក សម រង្ស៊ី ចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ ព្រោះការនិយាយបែបនេះគឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សង្ឃឹមថា លោក សម រង្ស៊ី មានសេចក្តីក្លាហានក្នុងការចេញមុខមកបញ្ជាក់រឿងនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសបារាំង ក្រោមស្ថានភាពនិរទេសខ្លួនចាប់តាំងពីឆ្នាំ ២០១៥ មក ដោយសារលោកប្រឈមមុខនឹងការចោទប្រកាន់ និងការផ្តន្ទាទោសជាច្រើនករណីនៅកម្ពុជា៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា