ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសាមួយ ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកលដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ខ្សែភាពយន្តឯកសាររយៈពេល ៨៧នាទីនេះ បានបង្ហាញពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើប្រាស់ទាហានកុមារដើម្បីវាយឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះត្រូវបានលួចរត់ពន្ធឆ្លងដែនទៅកាន់គេហដ្ឋានរបស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។

មានលក្ខណៈស៊ើបអង្កេត ភាពយន្តឯកសារនេះគឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures និងដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក។ ភាពយន្តនេះបង្កប់នូវអត្ថន័យ និងតម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា ព្រោះវាបានលាតត្រដាងពីការពិតនៃការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។

ភាពយន្តនេះមិនត្រឹមតែជាការកត់ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំមួយក្នុងការគាំទ្រដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា និងសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកមាតុភូមិវិញ។

ភាពយន្តនេះក៏ទទួលបានការទទួលស្គាល់ និងជ្រើសរើសចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើនដូចជា NHK (Japan Prize, Finalist), Bali International Film Festival, Austin Film Festival, FIPADOC, Cambodia International Film Festival និងមហោស្រពភាពយន្តអន្តរជាតិល្បីៗជាច្រើនទៀត។

ដោយមើលឃើញពីសារៈសំខាន់របស់ខ្សែភាពយន្តឯកសារនេះ ក្រុមហ៊ុន AMS (Apsara Media Services) បានសម្រេចចិត្តជួបពិភាក្សា និងទាក់ទងផ្ទាល់ទៅកាន់ផលិតករដើម្បីបង្កើតកិច្ចសហការនាំយកភាពយន្តនេះមកចាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តទំនើបៗក្នុងប្រទេសកម្ពុជា ក្នុងបំណងជំរុញទឹកចិត្តយុវជន និងសាធារណជនទូទៅឱ្យស្វែងយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រ ព្រមទាំងរួមគ្នាបង្កើតចលនាមួយ ដើម្បីការពារ និងគាំទ្រដល់ការទាមទារសម្បត្តិបុរាណខ្មែរ ដែលត្រូវបានលួចនាំចេញទៅបរទេសឱ្យវិលត្រឡប់មកវិញ។

សំបុត្រចូលទស្សនានឹងមានលក់ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ នៅគ្រប់សាខានៃរោងភាពយន្ត។ ក្រុមហ៊ុន AMS គូសបញ្ជាក់ថា ថវិកាដែលក្រុមហ៊ុនទទួលបានពីការចាក់បញ្ចាំងនេះ នឹងយកទៅចូលរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និងសង្គម ជាពិសេសគាំទ្រដល់ការទាមទារយកសម្បត្តិបុរាណខ្មែរ ដែលត្រូវបានលួចនាំចេញទៅបរទេស ឱ្យវិលត្រឡប់មកមាតុប្រទេសវិញ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា