ក្រសួងធនធានទឹក ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងធនធានទឹក ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ

ក្រសួងធនធានទឹក ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ

ខណៈរដូវប្រាំងកាន់តែខិតជិតមកដល់ជាមួយហានិភ័យនៃគ្រោះរាំងស្ងួត ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងសីតុណ្ហភាព និងបាតុភូតរលកកម្តៅ នៅរដូវប្រាំងខាងមុខ ជាពិសេសត្រូវសន្សំសំចៃទឹក ដើម្បីធានាការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពកសិកម្ម។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ដោយផ្អែកលើការតាមដាន និងវិភាគទៅលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ ព្រះរាជាណាចក្រកម្ពុជាកំពុងឈានទៅរកការផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង។

យោងតាមក្រសួងធនធានទឹក រដូវវស្សាឆ្នាំ២០២៦នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យកម្ពុជាទទួលបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្នុងដំណាក់កាលបញ្ចប់រដូវវស្សា និងការឈានចូលដំណាក់កាលអន្តររដូវនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យសាធារណជន អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ និងត្រៀមវិធានការចាំបាច់នានា។

ចំពោះការគ្រប់គ្រង និងប្រើប្រាស់ទឹក ឯកឧត្តមណែនាំមន្ទីរធនធានទឹក និងឧតុនិយម ព្រមទាំងសហគមន៍កសិករប្រេីប្រាស់ទឹក ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកឱ្យមានប្រសិទ្ធភាព សន្សំសំចៃ និងមានផែនការច្បាស់លាស់ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពកសិកម្ម ជាពិសេសនៅតំបន់ដែលអាចប្រឈមនឹងការខ្វះខាតទឹក។

ក្នុងវិស័យកសិកម្មវិញ រដ្ឋមន្រ្តីធនធានទឹកផ្តល់យោបល់ថា កសិករគួររៀបចំផែនការដាំដុះស្រូវ និងដំណាំរួមផ្សំឱ្យសមស្របតាមស្ថានភាពទឹកភ្លៀង និងប្រភពទឹកដែលមានស្រាប់ ព្រមទាំងពិចារណាលើតម្រូវការទឹករបស់ដំណាំ ដើម្បីកាត់បន្ថយហានិភ័យនៃការខូចខាតផលដំណាំដោយសារភាពរាំងស្ងួត។

ពាក់ព័ន្ធនឹងសុខភាពសាធារណៈ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការកើនឡើងនៃសីតុណ្ហភាព និងបាតុភូតរលកកម្តៅ ដោយជៀសវាងការប៉ះពាល់នឹងកម្តៅថ្ងៃខ្លាំងក្នុងរយៈពេលយូរ ហូបទឹកឱ្យបានគ្រប់គ្រាន់ និងយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ មនុស្សចាស់ និងអ្នកដែលធ្វើការនៅក្រោមកម្តៅថ្ងៃ។

ក្រៅពីនេះ ឯកឧត្តម ថោ ជេដ្ឋា បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ សូមបន្តតាមដានស្ថានភាពអាកាសធាតុ និងធនធានទឹក ព្រមទាំងត្រៀមវិធានការបង្ការ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះហានិភ័យនៃភាពរាំងស្ងួត រលកកម្តៅ និងបាតុភូតអាកាសធាតុដែលអាចកើតមាននៅតាមតំបន់នីមួយៗ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា