កម្ពុជា ស្នើឲ្យអាស៊ែបៃហ្សង់បើកស្ថានទូតនៅភ្នំពេញ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ស្នើឲ្យអាស៊ែបៃហ្សង់បើកស្ថានទូតនៅភ្នំពេញ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

កម្ពុជា ស្នើឲ្យអាស៊ែបៃហ្សង់បើកស្ថានទូតនៅភ្នំពេញ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

សភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលអាស៊ែបៃហ្សង់ បើកស្ថានទូតនៅរាជធានីភ្នំពេញ និងបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សំដៅជំរុញទំហំពាណិជ្ជកម្ម លំហូរវិនិយោគ ការបើកច្រកទីផ្សារ ការធ្វើធុរកិច្ច និងប្រែក្លាយរាល់កាលានុវត្តភាពឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងវិស័យឯកជននៃប្រទេសទាំងពីរ។
 
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដូច្នេះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដែលជាវេទិកាធុរកិច្ច សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង នៃប្រទេសទាំងពីរ។
 
នៅក្នុងវេទិកានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានកត់សម្គាល់ពីសក្ដានុពល និងឱកាសវិនិយោគរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ដែលអាចបំពេញគ្នាទៅវិញទៅមក ជាពិសេសប្រទេសទាំងពីរមានភាពស៊ីចង្វាក់គ្នាផ្នែកពាណិជ្ជកម្មស្ថិតក្នុងកម្រិតខ្ពស់បំផុត។ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា អាស៊ែបៃហ្សង់ មានភាពលេចធ្លោជាមហាអំណាចផ្នែកថាមពល និងមជ្ឈមណ្ឌលឧស្សាហកម្ម ហើយកម្ពុជាវិញមានការរីកចម្រើនផ្នែកផលិតកសិផល និងច្រករបៀងឧស្សាហកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
បើតាមអ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់ នៅមានកម្រិតនៅឡើយ។ ដូច្នេះ អ្នកឧកញ៉ាក៏បានជំរុញឲ្យវិនិយោគិនអាស៊ែបៃហ្សង់ មកបណ្ដាក់ទុនវិនិយោគនៅក្នុងកម្ពុជា ក្នុងវិស័យសំខាន់ៗ ដូចជា ការកែច្នៃកសិផល និងសន្តិសុខស្បៀង, ហេដ្ឋារចនាសម្ព័ន្ធថាមពល, វិស្វកម្មស្តុកឥន្ធនៈ និងការពង្រាយហេដ្ឋារចនាសម្ព័ន្ធទំនើបជាដើម។
 
សូមបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ គឺជាការសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងគោលបំណងជំរុញទំនាក់ទំនងធុរកិច្ច ពង្រីកឱកាសពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងស្វែងរកដៃគូសហការថ្មីៗ។
 
វេទិកាធុរកិច្ចនេះត្រូវបានគាំទ្រ និងជំរុញឱ្យរៀបចំឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការ​នៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅអាស៊ែបៃហ្សង់ ក្នុងគោលដៅផ្គូផ្គងអ្នកធ្វើជំនួញនៅកម្ពុជា និងអាស៊ែបៃហ្សង់ ផ្សព្វផ្សាយសក្តានុពលនៃការវិនិយោគ ច្បាប់ពាក់ព័ន្ធការវិនិយោគ និងគោលនយោបាយ​លើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា ទៅកាន់អ្នកវិនិយោគអាស៊ែបៃហ្សង់។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកវេទិកានេះ គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងការទាញយកប្រយោជន៍ពីភាពខ្លាំងបំពេញគ្នាទៅវិញទៅមក ដោយទំនាក់ទំនងទ្វេភាគីកំពុងទទួលបាន​សន្ទុះ​ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូរប្រជាជនទៅវិញទៅមក។
 
ដើម្បីលើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលេចនូវអត្ថប្រយោជន៍ចំនួន៦ រួមមាន៖ កម្លាំងពលកម្ម, បរិយាកាសធុរកិច្ចមានអំណោយផល និងការលើកទឹកចិត្ត, ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល, ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់, ការទទួលបានទីផ្សារក្នុងតំបន់ និងសកល, និងចីរភាពថាមពល និងកំណើនបៃតង។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរ​វិនិយោគ​ តាមរយៈ​យន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា