ពលរដ្ឋស្នើអាជ្ញាធររៀបចំឆ្មាំទឹក និងដាក់ស្លាកសញ្ញាត្រង់កន្លែងទឹកជ្រៅ ក្រោយកុមារម្នាក់លង់ទឹកនៅឆ្នេរព្រែកខេត្តកំពត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋស្នើអាជ្ញាធររៀបចំឆ្មាំទឹក និងដាក់ស្លាកសញ្ញាត្រង់កន្លែងទឹកជ្រៅ ក្រោយកុមារម្នាក់លង់ទឹកនៅឆ្នេរព្រែកខេត្តកំពត

ពលរដ្ឋស្នើអាជ្ញាធររៀបចំឆ្មាំទឹក និងដាក់ស្លាកសញ្ញាត្រង់កន្លែងទឹកជ្រៅ ក្រោយកុមារម្នាក់លង់ទឹកនៅឆ្នេរព្រែកខេត្តកំពត

កាលពីល្ងាចថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីកុមារចំនួន៥នាក់បានចុះលេងទឹកនៅតំបន់ឆ្នេរព្រែកកំពង់បាយ ក្បែររូបសំណាកបាតដៃសុភមង្គល ក្នុងក្រុងកំពត បណ្តាលឱ្យលង់ទឹក។ ក្នុងចំណោមកុមារទាំង៥នាក់ កុមារ៤នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈកុមារម្នាក់អាយុ៧ឆ្នាំបានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក។
 
យោងតាមនាយកដ្ឋាននគរបាលការពារព្រំដែនទឹក កុមាររងគ្រោះទាំង៥នាក់នោះ មានស្រីចំនួន២នាក់ និងប្រុសចំនួន៣នាក់។ ក្រោយកើតហេតុភ្លាម កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញអន្តរាគមន៍ជួយសង្គ្រោះកុមារទាំងនោះ ដោយជួយសង្គ្រោះកុមារ៤នាក់ទាន់ពេលវេលា តែជាអកុសល ក្មេងប្រុសម្នាក់ទៀតបានបាត់បង់ជីវិត។ នេះបើយោងតាមការអះអាងរបស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក។
 
កុមាររងគ្រោះមានទីលំនៅ ក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
 
ក្រោយមានហេតុការណ៍នេះ ប្រជាពលរដ្ឋជាច្រើនបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានដាក់ស្លាកសញ្ញាហាមឃាត់ការលេងទឹកនៅតំបន់ទឹកជ្រៅ និងរៀបចំឆ្មាំទឹកប្រចាំការ ដើម្បីជួយសង្គ្រោះទាន់ពេលវេលា ក្នុងករណីមានមនុស្សលង់ទឹក។ ជាមួយគ្នានេះ ពលរដ្ឋក៏បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល ត្រូវយកចិត្តទុកដាក់តាមដានកូនៗពេលលេងទឹកឱ្យដិតដល់ និងមិនត្រូវបណ្តោយឱ្យកុមារលេងទឹកតែម្នាក់ឯងឡើយ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា