ដ្រូនវាយ​ពន្លិចនាវា ប៊ុលហ្គារី នៅសមុទ្រខ្មៅ, អ៊ឺរ៉ុប ថា ផ្លូវទឹកនេះក្លាយជាសមរភូមិសង្គ្រាមថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូនវាយ​ពន្លិចនាវា ប៊ុលហ្គារី នៅសមុទ្រខ្មៅ, អ៊ឺរ៉ុប ថា ផ្លូវទឹកនេះក្លាយជាសមរភូមិសង្គ្រាមថ្មី

ដ្រូនវាយ​ពន្លិចនាវា ប៊ុលហ្គារី នៅសមុទ្រខ្មៅ, អ៊ឺរ៉ុប ថា ផ្លូវទឹកនេះក្លាយជាសមរភូមិសង្គ្រាមថ្មី

ស៊ូហ្វ៊ីយ៉ា ៖ នាវាពាណិជ្ជកម្មចំនួនពីរគ្រឿង កាលពីថ្ងៃអង្គារ ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯឆ្នេរសមុទ្រខ្មៅរបស់ប្រទេសប៊ុលហ្គារី ហើយ នាវាមួយគ្រឿង ក្នុងចំណោមនោះ បានលិចបាត់ចូលទៅក្នុងសមុទ្រ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev ។

នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានឱ្យដឹងថា នាវាឈ្មោះ “Chelsea 3” ដែលជាកម្មសិទ្ធិរបស់អ៊ុយក្រែន ត្រូវបានវាយប្រហារដោយដ្រូន ចំនួន ៣ គ្រឿង និង រងការខូចខាត នៅចម្ងាយប្រហែល ៣៣ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប៊ុលហ្គារី។

លោក Radev ក៏បានរាយការណ៍អំពីនាវា១គ្រឿងទៀត ដែលត្រូវបានដ្រូនបាញ់ពន្លិច ចូលសមុទ្រខ្មៅផងដែរ។ ប៉ុន្តែ បុគ្គលិកនាវាទាំងពីរគ្រឿង ត្រូវសង្គ្រោះជីវិត ខណៈដែលមានអ្នករងរបួសមួយចំនួន។

បើតាមប្រភពដដែល, នេះគឺជាហេតុការណ៍វាយប្រហារលើនាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី ជាលើកទី២ ត្រឹមរយៈពេល ១សប្តាហ៍។

ដោយដាក់ការសង្ស័យលើទីក្រុងមូស្គូ, លោក Radev បានបញ្ជាក់ថា លោកនឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី មកសាកសួរអំពីហេតុការណ៍នេះ ប៉ុន្តែ លោកលើកឡើងថា មិនមានភស្តុតាងច្បាស់លាស់ថាអ្នកណាជាអ្នកបង្កការវាយប្រហារនេះទេ។

បើតាម Reuters, ប៊ុលហ្គារី មិនមានព្រំដែនជាប់ជាមួយអ៊ុយក្រែន ឬ រុស្ស៊ី ​ប៉ុន្តែ ក្នុងនាមជាសមាជិកអង្គការ ណាតូ, ប្រទេសនេះមានទីតាំងយុទ្ធសាស្ត្រ នៅលើសមុទ្រខ្មៅ ដែលជាតំបន់មានកំពង់ផែសំខាន់ៗរបស់ប្រទេសគូជម្លោះទាំងពីរ។

ជុំវិញដ្រូនបាញ់ពន្លិចនាវា ប៊ុលហ្គារី ទៅក្នុងសមុទ្រខ្មៅ, ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃអង្គារនេះ បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ។

លោកស្រី von der Leyen បានរៀបរាប់នៅលើបណ្តាញសង្គម X ថា «សមុទ្រខ្មៅបានក្លាយជាសមរភូមិថ្មីមួយទៀតនៃការកើនឡើងនៃសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន»។

ដោយបង្ហាញពីសាមគ្គីភាពជាមួយ ប៊ុលហ្គារី, លោកស្រី von der Leyen បានលើកឡើងទៀតថា ការវាយប្រហារទាំងនោះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់នាវិកប៉ុណ្ណោះទេ ប៉ុន្តែ កំពុងតែគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់ទាំងមូល៕

ប្រភព ៖ reuters_ anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា