អ៊ីរ៉ង់ ប្រកាសគំរាមងាកទៅវាយកម្ទេចទីតាំង AI ទូទាំងតំបន់មជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រកាសគំរាមងាកទៅវាយកម្ទេចទីតាំង AI ទូទាំងតំបន់មជ្ឈិមបូព៌ា

អ៊ីរ៉ង់ ប្រកាសគំរាមងាកទៅវាយកម្ទេចទីតាំង AI ទូទាំងតំបន់មជ្ឈិមបូព៌ា

តេហេរ៉ង់ ៖ លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើមានការផ្ទុះឡើងវិញ នូវជម្លោះយោធាទ្រង់ទ្រាយធំ, ប្រទេសរបស់លោកនឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងតំបន់មជ្ឈិមបូព៌ា រួមមានទាំង មជ្ឈមណ្ឌលទិន្នន័យ, ខ្សែបណ្តាញទំនាក់ទំនង និង កន្លែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ AI។ នេះបើតាមការចេញផ្សាយ របស់ Iran International កាលពីថ្ងៃចន្ទ។

លោក Rezaei ដែលក៏ជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម IRGC បានលើកឡើងទៀតថា ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម និងនៅជុំវិញច្រកសមុទ្រហ័រមូស មិនទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីគោលដៅវាយប្រហាររបស់អ៊ីរ៉ង់នៅឡើយទេ ប៉ុន្តែ ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញពីសមត្ថភាពថ្មីៗ ក្នុងការវាយប្រហារលើគោលដៅទាំងនោះ។

លោកបានអះអាងថា ទ្រព្យសម្បត្តិទាំងនោះ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងតំបន់ មានតម្លៃសរុបជាង ២ ពាន់ពាន់លានដុល្លារ។

លោក Rezaei បានសរសេរ នៅលើបណ្តាញសង្គម X ទៀតថា «រាល់ការគណនាខុសរបស់សត្រូវចំពោះអ៊ីរ៉ង់ បាននាំឱ្យពួកគេទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ហើយកំហុសលើកក្រោយនឹងនាំមកនូវសមរភូមិថ្មីៗ និងការភ្ញាក់ផ្អើលកាន់តែខ្លាំង»។

បើតាមទីភ្នាក់ងារព័ត៌មាន Associated Press, ការគំរាមកំហែងនេះ បានកើតឡើងចំពេលដែលមានភាពជាប់គាំងក្នុងការចរចាដោយប្រយោល រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក៏ដូចជាការខ្វែងគំនិតគ្នា រវាងប្រទេសទាំងពីរ ជុំវិញការបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង។

លោក Rezaei បានបញ្ជាក់ដែរថា ទោះបីជារដ្ឋាភិបាលសហរដ្ឋអាមេរិកបានទទួលយកលក្ខខណ្ឌមួយចំនួនរបស់អ៊ីរ៉ង់ក៏ដោយ ក៏នៅតែមានភាពមិនច្បាស់លាស់មួយចំនួនទាក់ទងនឹងលក្ខខណ្ឌផ្សេងទៀត។

លោកបានអះអាងបន្ថែមថា ទីក្រុងតេហេរ៉ង់លែងឆ្លើយតបទៅកាន់ទីក្រុងវ៉ាស៊ីនតោនទៀតហើយ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែបញ្ជាក់ឱ្យបានច្បាស់លាស់ជាមុនសិនអំពីចំណុចដែលនៅមិនទាន់ច្បាស់លាស់ទាំងនោះ៕

ប្រភព ៖ Iran International ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា