ក្រសួងមហាផ្ទៃ៖ទីតាំងដែល Al Jazeera ចុះផ្សាយត្រូវសមត្ថកិច្ចបង្ក្រាបបោសសម្អាតរួចរាល់និងគ្មានសកម្មភាពទៀតឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមហាផ្ទៃ៖ទីតាំងដែល Al Jazeera ចុះផ្សាយត្រូវសមត្ថកិច្ចបង្ក្រាបបោសសម្អាតរួចរាល់និងគ្មានសកម្មភាពទៀតឡើយ

ក្រសួងមហាផ្ទៃ៖ទីតាំងដែល Al Jazeera ចុះផ្សាយត្រូវសមត្ថកិច្ចបង្ក្រាបបោសសម្អាតរួចរាល់និងគ្មានសកម្មភាពទៀតឡើយ

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា របាយការណ៍ស៊ើបអង្កេតរបស់ Al Jazeera អំពីបទល្មើសនៅក្នុងតំបន់តារាសាគរ គ្រាន់តែជាការបូកសរុបព្រឹត្តិការណ៍ចាស់ៗដែលសមត្ថកិច្ចកម្ពុជាបានបង្ក្រាបរួចរាល់ប៉ុណ្ណោះ ហើយបច្ចុប្បន្នទីតាំងនោះពុំមានសកម្មភាពល្មើសច្បាប់កើតឡើងទៀតឡើយ។ តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវមេខ្លោងដឹកនាំបញ្ជាបទល្មើសដែលរត់គេចខ្លួននិងអ្នកពាក់ព័ន្ធ។
 
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទីតាំងនៅក្នុងតំបន់តារាសាគរដែលបណ្តាញព័ត៌មាន Al Jazeera បានធ្វើការស៊ើបអង្កេតនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការបង្ក្រាប និងបោសសម្អាតរួចរាល់អស់ហើយក្នុងយុទ្ធការកន្លងទៅ ហើយបច្ចុប្បន្នពុំមានសកម្មភាពល្មើសច្បាប់ទៀតនោះឡើយ។
 
លោក ទូច សុខៈ បានឱ្យដឹងថា វីដេអូស៊ើបអង្កេតរបស់ Al Jazeera គ្រាន់តែជាការបូកសរុបបេសកកម្មរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងលទ្ធផលនៃការបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជានាពេលកន្លងមកប៉ុណ្ណោះ។
 
បណ្តាញព័ត៌មាន Al Jazeera កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានចេញផ្សាយវីដេអូស៊ើបអង្កេត មានរយៈពេលជាង ២៤នាទី ដោយបានរំលេចពីការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ វីដេអូនោះលើកឡើងពីសកម្មភាពរបស់ពាណិជ្ជករចិន ឈ្មោះ តឹង ភីពីង ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍ Long Bay ក្នុងតំបន់តារាសាគរ ខេត្តកោះកុង ដោយ Al Jazeera អះអាងថា លោកគឺជាមេខ្លោងក្នុងប្រតិបត្តិការឆបោកអនឡាញ។
 
វីដេអូស៊ើបអង្កេតដដែលនេះ ក៏បានបង្ហាញរូបភាពបុគ្គលមួយចំនួន ការប្រើប្រាស់រថយន្តទំនើបដែលមានបិទ Logo នគរបាល ព្រមទាំងបានភ្ជាប់ឈ្មោះមន្ត្រី និងអ្នកជំនួញមួយចំនួនថាពាក់ព័ន្ធនឹងអាជីវកម្មនេះផងដែរ។
 
លោក ទូច សុខៈ បានគូសបញ្ជាក់ថា ការប្រើប្រាស់រថយន្តមាន Logo ប៉ូលិស គឺជាទង្វើបន្លំរបស់ក្រុមជនល្មើស ដើម្បីភូតភរសាធារណៈជន។ ដោយឡែក រូបភាពថ្នាក់ដឹកនាំ ឬមន្ត្រីអាជ្ញាធរដែលត្រូវគេយកមកបង្ហាញ គឺមិនអាចទាញភ្ជាប់ទៅនឹងសកម្មភាពបទល្មើសអនឡាញទាំងនោះបានឡើយ។
 
បច្ចុប្បន្ន ទីតាំងសង្ស័យទាំងនោះពុំមានសកម្មភាពល្មើសច្បាប់ទៀតទេ ហើយកងកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនក្រុមមេខ្លោងដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់។
 
បុគ្គលឈ្មោះ តឹង ភីពីង ដែលត្រូវបានបង្ហាញថាជាមេក្លោង បានចាកចេញពីប្រទេសកម្ពុជាតាំងពីចុងខែឧសភា ឆ្នាំ២០២៦ ហើយបុគ្គលនេះត្រូវបាន Interpol ចេញនិវេទក្រហមតាមចាប់ខ្លួនផងដែរ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា