នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេង​ល្បែង​ស៊ីសង​ជិត ៩០នាក់ ក្នុងរយៈពេល ១០ថ្ងៃដើម​ខែតុលា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេង​ល្បែង​ស៊ីសង​ជិត ៩០នាក់ ក្នុងរយៈពេល ១០ថ្ងៃដើម​ខែតុលា

នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេង​ល្បែង​ស៊ីសង​ជិត ៩០នាក់ ក្នុងរយៈពេល ១០ថ្ងៃដើម​ខែតុលា

ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះ កម្លាំង​នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចុះ​ប្រតិបត្តិការ​បង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែង​ស៊ីសងជាបន្តបន្ទាប់ដោយបានឃាត់ខ្លួនមនុស្សសរុបជិត ៩០នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ដើម្បីចាត់​ការ​​តាមផ្លូវច្បាប់។

កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឱ្យ​ដឹង​ថា ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះ​បាន​បន្តប្រតិបត្តិការចុះ​បង្ក្រាប​ក្រុមក្មេងទំនើង និងអ្នកញៀន​ល្បែងស៊ីសង បានជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួន​មនុស្ស​សរុបចំនួន ៨៧នាក់ ដើម្បីបញ្ជូនទៅកាន់​តុលាការ​ចាត់ការតាមនីតិវិធីច្បាប់។ តួលេខនៃការ​បង្ក្រាបបង្ហាញឱ្យឃើញថា មានការថយចុះចំនួន ៣២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​កាលពី​ដើមខែកញ្ញា​កន្លងទៅ។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹង​ថា ក្នុងចំណោមបទល្មើសទាំងពីរប្រភេទនេះ ករណីក្មេង​ទំនើងកើតឡើងចំនួន ១៤ករណី ដោយកម្លាំងសមត្ថកិច្ច​បានឃាត់ខ្លួនមនុស្សចំនួន ៥៦នាក់ និងបានកសាងសំណុំ​រឿង​បញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត។ ដោយឡែក ចំពោះបទល្មើសល្បែងស៊ីសង បង្ក្រាបបាន​ចំនួន ៧ករណី និងឃាត់ខ្លួនមនុស្ស ៣១នាក់ ក្នុងនោះ ២៨នាក់ត្រូវ បានបញ្ជូន​ទៅតុលាការ ចំណែក៣នាក់​ទៀតត្រូវ បានធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យា​បញ្ឈប់សកម្មភាព។

ផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការប្រព្រឹត្ត​អំពើហិង្សារបស់ក្រុមក្មេងទំនើង និងការលេងល្បែង​ស៊ីសង ត្រូវប្រឈមមុខនឹងទោស​ទណ្ឌជាច្រើនដែល​មានចែងក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធ។ តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បទហិង្សាដោយ​ចេតនាត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។ ក្នុងករណីមានស្ថានទម្ងន់ទោស ដូចជាការគិត​ទុកជាមុន ការប្រើប្រាស់អាវុធ ឬប្រព្រឹត្តដោយមានគ្នាច្រើន តាមមាត្រា ២១៨ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជា​ប្រាក់ពី ៤លាន ទៅ ១០លាន​រៀល។

ដោយឡែក ទាក់ទិននឹងបទល្មើសល្បែងស៊ីសង យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីការបង្ក្រាបល្បែង​ស៊ីសង ឆ្នាំ១៩៩៦ អ្នកលេងល្បែងត្រូវ​ផ្តន្ទាទោស​ពិន័យជាប្រាក់ពី ១ម៉ឺន ទៅ ៥ម៉ឺនរៀល និងដាក់ពន្ធនា​គារពី ១សប្តាហ៍ ទៅ ១ខែ ហើយករណីមិនរាងចាល ត្រូវពិន័យពី ៥ម៉ឺន ទៅ ៥សែនរៀល និងជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ។

ទន្ទឹមនេះមាត្រា ៥ នៃច្បាប់ដដែលបានចែងថា អ្នកបើក​ទីតាំង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារល្បែង​ស៊ីសង ត្រូវប្រឈមនឹង​ការពិន័យជាប្រាក់ពី៥លាន ទៅ ២០លានរៀល និងដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ហើយ​បើមិនរាងចាល ត្រូវអនុវត្តទោសពិន័យ និង​ទោសពន្ធនា​គារកម្រិតអតិបរមា៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា