ស្ពានស្រែង៖ប្រណាំងទូក «ង» ភ្ជាប់បេះដូងពលរដ្ឋ ២​ខេត្ត អបអរភ្ជុំបិណ្ឌ និងប្រាប់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានស្រែង៖ប្រណាំងទូក «ង» ភ្ជាប់បេះដូងពលរដ្ឋ ២​ខេត្ត អបអរភ្ជុំបិណ្ឌ និងប្រាប់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន

ស្ពានស្រែង៖ប្រណាំងទូក «ង» ភ្ជាប់បេះដូងពលរដ្ឋ ២​ខេត្ត អបអរភ្ជុំបិណ្ឌ និងប្រាប់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលទើបបញ្ចប់ទៅនេះ បរិយាកាសនៅឯទំនប់ស្ពានស្រែង ដែលជា​ចំណុច​ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ មានភាពកុះករទៅដោយមនុស្សក្មេង ចាស់ប្រុសស្រី​លាយឡំជាមួយស្នាមញញឹមនិងសំណើចក្អាកក្អាយ​តាមរយៈ​ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល២ថ្ងៃពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល​២ មិនត្រឹមតែបង្កើតស្នាមញញឹម និងបរិយាកាសអ៊ូអរ​ក្នុងថ្ងៃបុណ្យ​ប្រពៃណីជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​សារ​មួយយ៉ាងមានអត្ថន័យ ក្នុងការចងភ្ជាប់សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋនៅតំបន់ព្រំប្រទល់ ជាមួយសារ​ដាស់​ស្មារតី​យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀនទៀតផង។

ពិធីនេះបានកើតជារូបរាងរៀបចំឡើងដោយកិច្ចសហការរវាងរដ្ឋបាលស្រុកក្រឡាញ់ អាជ្ញាធរឃុំតាអាន និងវត្ត​សរសៃពង។
ព្រឹត្តិការណ៍​នេះ​បានប្រមូលផ្តុំទូក «ង» ចំនួន ១៤ទូក មកពីភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្ត​សៀមរាប និងភូមិស្ពាន ឃុំស្ពាន​ស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ ឱ្យមកជួបជុំគ្នាប្រកួត​ប្រជែង​យ៉ាងស្វាហាប់។ពិធីនេះក៏មានការបង្កើតលេង​ល្បែងប្រជា​ប្រិយផង​ដែរ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់​បាន​រៀប​រាប់​​ថា​​ការរៀបចំកម្មវិធីនេះមិនត្រឹមតែបង្កើត​បរិយា​កាស​សប្បាយរីករាយក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជួយថែរក្សា និងលើកស្ទួយកីឡា​ប្រពៃណីជាតិរបស់ដូនតាឱ្យបានគង់វង្សផងដែរ។

បន្ថែមពីលើទិដ្ឋភាពសប្បាយរីករាយ ព្រឹត្តិការណ៍នេះ​ក៏បានបង្កប់នូវសារអប់រំផងដែរដល់យុវជនយុវនារី។ ព្រះតេជគុណមេត្តាពលោ ឡន ម៉ក់ ព្រះធម្មធរអនុគណ​ស្រុកក្រឡាញ់ បានមានសង្ឃដីកាថា ការរួមគ្នារៀបចំកា​រប្រកួតប្រពៃណី គឺដើម្បីពង្រឹងចំណងមិត្តភាពរវាង​យុវជន និងជាយុទ្ធនាការបំផុសស្មារតីឱ្យយុវវ័យ​បង្វែរ​អារម្មណ៍មកចូលរួមកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។

បញ្ចប់ព្រឹត្តិការណ៍នារាត្រីថ្ងៃទី១៣ តុលា ,ភាពជោគជ័យ និងស្នាមញញឹមនៅក្នុងព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅទំនប់​ស្ពានស្រែង​មិនត្រឹមតែបានបន្សល់ទុកនូវ​រូបភាព​ដ៏រីករាយនៃពិធីបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែ​បាន​ក្លាយជាស្ពានភ្ជាប់សាមគ្គីភាព​រវាងប្រជាពលរដ្ឋ​ខេត្តទាំងពីរ និងជាកម្លាំងចលករដាស់ស្មារតីយុវជន​ជំនាន់​​​ក្រោយឱ្យបន្តចូលរួមថែរក្សាមរតកវប្បធម៌​ជាតិឱ្យ​បានគង់វង្ស៕
ដោយ៖ ប៊ុន រដ្ឋា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា