វៀតណាម និងកម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម និងកម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ២០២៧

វៀតណាម និងកម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ២០២៧

ក្រសួងការពារជាតិកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិ សម្រាប់ឆ្នាំ២០២៧ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
 
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ( Phan Văn Giang) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​វៀតណាម បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការក្នុងវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៧ កាលពីថ្ងៃទី១៣តុលា នៅទៅក្រុងហាណូយ។ ការចុះហត្ថលេខានេះធ្វើឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់​ឯកឧត្តម​ ទៀ សីហា នៅប្រទេសវៀតណាម។
 
រដ្ឋមន្រ្តីការពារជាតិកម្ពុជាបានបញ្ជាក់លើបណ្តាញសង្គមថា ឯកឧត្តម និងរដ្ឋមន្រ្តីការពារជាតិវៀតណាម បានពិភាក្សាគ្នាអំពីលទ្ធផលការងារសម្រេចបាននៅឆ្នាំ២០២៦ និងការបន្តអនុវត្តតាមផែនការ ដែលបានឯកភាពគ្នាសម្រាប់ឆ្នាំបន្ទាប់។ យោងតាមឯកឧត្តម ទៀ សីហា កងទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន ប្រទេសជាតិ និងប្រែក្លាយព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍរួមគ្នា ដើម្បីវិបុលភាពនៃប្រជាជាតិទាំងពីរ។ ​
 
ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្ត្រ និងការតស៊ូឆ្លងកាត់ការលំបាកជាមួយគ្នារវាងកម្ពុជា និងវៀតណាម ដែលបានបន្សល់ទុកនូវមរតកនៃចំណងមិត្តភាពដ៏ស្មោះត្រង់។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ «យើងរួមគ្នាប្តេជ្ញាការពារ ប្រវត្តិសាស្ត្រ ប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ មិនឱ្យកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ»។
 
ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២៦មក ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើទស្សនកិច្ច និងជួបពិភាក្សាការងារជាបន្តបន្ទាប់ ដើម្បីតម្រង់ទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ រួមមានវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងបណ្តុះបណ្តាល ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្លូវការវៀតណាម។
 
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមក៏បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការការពារព្រំដែន ដើម្បីធ្វើឲ្យព្រំដែនវៀតណាម-កម្ពុជាក្លាយជាព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
 
គួរបញ្ជាក់ថា នៅឆ្នាំ២០២៧ កម្ពុជា និងវៀតណាមនឹងប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីវៀតណាមបានស្នើឱ្យក្រុមការងារក្រសួងការពារជាតិនៃប្រទេសទាំងពីរសហការគ្នារៀបចំផែនការសម្រាប់ការប្រារព្ធពិធីរំឭកខួបនេះ ដើម្បីផ្សព្វផ្សាយចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យបានកាន់តែទូលំទូលាយ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា