កម្ពុជា បន្តលើកឡើងពីបញ្ហាពលរដ្ឋភៀសសឹក និងការរំលោភអធិបតេយ្យភាពពីសំណាក់ថៃនៅចំពោះមុខ UN | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បន្តលើកឡើងពីបញ្ហាពលរដ្ឋភៀសសឹក និងការរំលោភអធិបតេយ្យភាពពីសំណាក់ថៃនៅចំពោះមុខ UN

កម្ពុជា បន្តលើកឡើងពីបញ្ហាពលរដ្ឋភៀសសឹក និងការរំលោភអធិបតេយ្យភាពពីសំណាក់ថៃនៅចំពោះមុខ UN

 
 
នៅក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការប្រតិបត្តិ UNHCR នាទីក្រុងហ្សឺណែវ កម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហរការពារជនភៀសខ្លួន ព្រមទាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាពលរដ្ឋភៀសសឹកកម្ពុជា ដែលកំពុងរងគ្រោះដោយសារការកាន់កាប់ទឹកដីខុសច្បាប់ និងការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិពីសំណាក់ភាគីថៃ។
 
កាលពីថ្ងៃទី ១៣ តុលា ​នៅចំពោះមុខគណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាទីក្រុងហ្សឺណែវ ឯកឧត្តម កែវ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងការណ៍បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារជនភៀសខ្លួន និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយ UNHCR ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧។
 
ស្របពេលជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីបញ្ហាប្រឈមចំពោះមុខ និងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ដោយគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ជាមួយថៃត្រូវបានបន្តគោរពប្រតិបត្តិក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងសហគមន៍ដើមវិញបានឡើយ។ មូលហេតុចម្បងគឺបណ្តាលមកពីការបន្តកាន់កាប់ទឹកដីកម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយកងកម្លាំងប្រដាប់អាវុធថៃ ដែលជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងផ្ទុយស្រឡះពីគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
 
ចំពោះដំណោះស្រាយ កម្ពុជាបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ តុលា ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ធ្នូ ២០២៥ ដោយផ្តោតសំខាន់លើការសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
 
ជាមួយគ្នានេះ កម្ពុជាក៏បានលើកទឹកចិត្តឱ្យ UNHCR បង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ និងការស្វែងរកដំណោះស្រាយយូរអង្វែងជូនប្រជាពលរដ្ឋ។
 
ឯកឧត្តម កែវ សុវណ្ណ បានសង្កត់ធ្ងន់ថា ការទប់ស្កាត់ការផ្លាស់ទីលំនៅដោយបង្ខំ ទាមទារឱ្យមានការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធីដែលត្រូវអមដោយសកម្មភាពជាក់ស្តែងនៅលើដី។ ឯកឧត្តម កែវ សុវណ្ណ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនាជាមួយគណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា