ក្រុមហ៊ុន JS Group ប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger ដែលជាសាខាដំបូងគេរបស់ម៉ាកយីហោនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន JS Group ប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger ដែលជាសាខាដំបូងគេរបស់ម៉ាកយីហោនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុន JS Group ប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger ដែលជាសាខាដំបូងគេរបស់ម៉ាកយីហោនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ប៊ឺហ្គឺដ៏ល្បីល្បាញរបស់មេចុងភៅលំដាប់ពិភពលោក នឹងបង្ហាញខ្លួនជាលើកដំបូងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយនាំមកនូវបទពិសោធន៍នៃការទទួលទានអាហារដ៏ថ្មីប្លែក និងគួរឱ្យចាប់អារម្មណ៍មកកាន់រាជធានីមួយនេះ។

រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន JS Group មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាសាខាដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ម៉ាកយីហោដ៏ល្បីល្បាញកម្រិតអន្តរជាតិមួយនេះ។ ភោជនីយដ្ឋាននេះនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះនៅជាន់ទី​ ៤២​​​ ​នៃអគារ JS TOWER ដែលទើបនឹងសម្ពោធថ្មីៗនេះ ដោយមានទីតាំងស្ថិតនៅជាន់លើ​បង្អស់នៃសណ្ឋាគារ Planet Hollywood ដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យតាមរយៈការរួមបញ្ចូលគ្នានូវគុណភាពម្ហូបអាហារដ៏ល្អឯក បទពិសោធន៍បដិសណ្ឋារកិច្ចដ៏រស់រវើក និងទស្សនីយភាពទីក្រុងដ៏ស្រស់ស្អាតពីលើអាកាស។

From left to right: Gordon Ramsay, Oknha Koy Le San, Dato Jack Yap

បង្កើតដោយលោក Gordon Ramsay ដែលជាមេចុងភៅ និងជាបុគ្គលល្បីល្បាញលើកញ្ចក់ទូរទស្សន៍កម្រិតពិភពលោក ភោជនីយដ្ឋាន Gordon Ramsay Burger បានកសាងកេរ្តិ៍ឈ្មោះ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងប្លែកពីគេនៃប្រភេទអាហារដ៏ពេញនិយមមួយនេះ។​ ​បន្ទាប់ពីបើកដំណើរការជាលើកដំបូងនៅ Planet Hollywood Resort & Casino ក្នុងទីក្រុង Las Vegas កាលពីឆ្នាំ ២០១២ មក ភោជនីយដ្ឋាន Gordon Ramsay Burger បានពង្រីកសាខារបស់ខ្លួនទៅកាន់ទីក្រុង Chicago, Boston, Vancouver និងប្រទេសកូរ៉េខាងត្បូង។

From left to right: Mr Solyta, Oknha San, Gordon Ramsay, Dato’ Jack, Dato’ Melvin

នៅរាជធានីភ្នំពេញ អតិថិជននឹងមានឱកាសក្នុងការភ្លក់រសជាតិមុខម្ហូបដ៏ល្បីល្បាញប្រចាំភោជនីយដ្ឋាន រួមមានប៊ឺហ្គឺរ Hell’s Kitchen ដ៏ល្បីឈ្មោះ ​អមជាមួយនឹងម្ហូប​បន្សំ​ ​ទឹកជ្រលក់ដែលផ្សំឡើងដោយផ្ទាល់ដៃ និងភេសជ្ជៈក្រឡុកដ៏ពិសេស។ បញ្ជីមុខម្ហូបក៏នឹងមានបម្រើជូននូវប៊ឺហ្គឺរដែលមានរសជាតិបែបក្នុងស្រុក ដែលទទួលបានការបំផុស​គំនិត​ពីដំណើរទស្សនកិច្ចរបស់លោក Gordon ជុំវិញប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីម្ហូបប្រពៃណីខ្មែរ ​និងគ្រឿងផ្សំក្នុងស្រុក។ ការប្រកាសបើកដំណើរការភោជនីយដ្ឋាន​ ​Gordon Ramsay Burger នៅអគារ JS TOWER នេះនឹងក្លាយជាជំពូកថ្មីមួយនៃ​ទំនាក់ទំនងរបស់លោកជាមួយនឹងប្រទេសកម្ពុជា។

Gordon Ramsay Burger Phnom Penh (Bar)

រចនាឡើងក្នុងទីតាំងដ៏ពិសេស ភោជនីយដ្ឋាន Gordon Ramsay Burger នៅអគារ JS TOWER នឹងមានកន្លែងទទួលទានអាហារក្នុងបរិយាកាសដ៏​រស់រវើក បារដ៏ប្រណិតដែលមានបម្រើជូននូវស្រាក្រឡុក និងស្រាប្រណិតៗដែលរៀបចំជូនយ៉ាងជំនាញ ព្រមទាំងមានទីធ្លាខាងក្រៅដ៏ធំទូលាយដែល​ផ្តល់ជូននូវការគយគន់មើលទេសភាពដ៏ស្រស់​ស្អាតនៃទីក្រុងភ្នំពេញដែលកំពុងមានការអភិវឌ្ឍឥតឈប់ឈរពីលើអាកាស។ នៅពេលថ្ងៃចាប់ផ្តើម​លិច ភោជនីយដ្ឋាននេះនឹងក្លាយជាទីតាំងដ៏ពេញនិយមមួយនៅក្នុងរាជធានីភ្នំពេញសម្រាប់ការទស្សនាទេសភាពនាពេលថ្ងៃលិច។​​

ការប្រកាសបើកដំណើរការនេះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន​ JS Group និងឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ខ្លួនក្នុងការនាំយកនូវបទពិសោធន៍ផ្នែកបដិសណ្ឋារកិច្ច និងរបៀបរស់នៅដែលទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិមកកាន់ប្រទេសកម្ពុជា។ ខណៈដែលរាជធានីភ្នំពេញបន្តវិវត្តខ្លួនទៅជាគោលដៅដ៏រស់រវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ការមកដល់នៃភោជនីយដ្ឋាន Gordon Ramsay Burger គឺជាការចាប់ផ្តើមនៃជំពូកថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់ទាំងក្រុមហ៊ុន JS Group និងប្រទេសកម្ពុជា។

លោក Dato’ Jack Yap នាយកគ្រប់គ្រងនៃក្រុមហ៊ុន​ JS Group បានមានប្រសាសន៍ថា ៖ “យើងមានមោទកភាពយ៉ាងខ្លាំងក្នុងការប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger ដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ សម្រាប់យើង ភាពជាដៃគូនេះមិនត្រឹមតែតំណាងឱ្យវត្តមាននៃម៉ាកយីហោភោជនីយដ្ឋានដ៏ល្បីល្បាញលំដាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងផងដែរនូវទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំយកបទពិសោធន៍នៃការទទួលទានអាហារ សេវាកម្មបដិសណ្ឋារកិច្ច និងរបៀបរស់នៅកម្រិតស្តង់ដារពិភពលោកមកកាន់ប្រទេសកម្ពុជា។”

Gordon Ramsay Burger Phnom Penh at JS Tower (Interior)

លោកបានបន្ថែមទៀតថា “ការសហការជាមួយលោក Gordon Ramsay និងក្រុមការងាររបស់គាត់ គឺជាឱកាសដ៏អស្ចារ្យមួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងដែលមានទេពកោសល្យនៅកម្ពុជា ឱ្យទទួលបានការរៀនសូត្រពីអ្នកជំនាញកំពូលៗ និងមានមោទកភាពដែលបានក្លាយជាផ្នែកមួយនៃម៉ាកយីហោដែលទទួលបានការទទួលស្គាល់ជាសកល។ យើងមានគោលបំណងរួមគ្នាក្នុងការបញ្ចូលគ្នានូវជំនាញ និងបទពិសោធន៍លំដាប់អន្តរជាតិរបស់ម៉ាកយីហោនេះ ជាមួយនឹងភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏ល្អរបស់ក្រុមការងារកម្ពុជា។”

សម្រាប់ព័ត៌មានបន្ថែម និងការវិវត្តថ្មីៗ សូមតាមដានពួកយើងនៅលើទំព័រ Facebook, Instagram, Tik Tok និង Telegram។

Gordon Ramsay Burger Phnom Penh at JS Tower (Main Entrance)

អំពីក្រុមហ៊ុន JS Group

ក្រុមហ៊ុន JS Group គឺជាសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅលើគ្រឹះនៃក្រុមហ៊ុន JS Land PLC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចុះបញ្ជីជាសាធារណៈ និងជាក្រុមហ៊ុនដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅក្នុងរចនាសម័្ពន្ធក្រុមហ៊ុន។ នាពេលបច្ចុប្បន្ន រចនាសម្ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុន បានគ្របដណ្តប់លើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច របៀបរស់នៅ សេវាកម្មអាជីវកម្ម និងដំណោះស្រាយផ្នែកហិរញ្ញវត្ថុ។ ដោយផ្អែកលើគោលការណ៍គ្រឹះនៃ ទំនុកចិត្ត ភាពបើកចំហ និងភាពជាដៃគូ ក្រុមហ៊ុន JS Group ប្តេជ្ញាចិត្តក្នុងការបង្កើតអាជីវកម្ម និងទីតាំងគោលដៅ ដើម្បីបង្កើតឱកាស ពង្រឹងកិច្ចសហប្រតិបត្តិការដៃគូរយៈពេលវែង និងចូលរួមចំណែកបង្កើតគុណតម្លៃប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា និងសហគមន៍មូលដ្ឋានរបស់ខ្លួន។

សម្រាប់ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ

លោក សុខ សារ៉ាក់

ទូរស័ព្ទ៖ 078 289 974

អ៊ីម៉ែល៖ [email protected]

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា