តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការការពារជនភៀសខ្លួនជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយអង្គការ UNHCR | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការការពារជនភៀសខ្លួនជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយអង្គការ UNHCR

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការការពារជនភៀសខ្លួនជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយអង្គការ UNHCR

ក្នុងឱកាសនៃកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងសេចក្តីថ្លែងការណ៍តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការការពារជនភៀសខ្លួនជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយអង្គការ UNHCR ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥១ ស្តីពីឋានៈជនភៀសខ្លួន និងពិធីសារឆ្នាំ១៩៦៧ នៃអនុសញ្ញានេះ។

ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់នៅតែបន្តត្រូវបានគោរពក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង២០.០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួននៃទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះអាចចូលទៅកាន់លំនៅឋាន និងសហគមន៍របស់ពួកគេវិញបាន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការកាន់កាប់ទឹកដីកម្ពុជានេះ និងការបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយផ្ទុយនឹងគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

កម្ពុជាបានសង្កត់ធ្ងន់អំពីភាពចាំបាច់បន្ទាន់ក្នុងការអនុវត្តឱ្យបានពេញលេញ និងដោយស្មោះត្រង់ នូវខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការសម្របសម្រួលឱ្យប្រជាពលរដ្ឋភៀសខ្លួនកម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកទឹកចិត្តឱ្យអង្គការ UNHCR ស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានារបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងដោយសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្នែកការការពារ និងមនុស្សធម៌របស់ពលរដ្ឋភៀសខ្លួនកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយយូរអង្វែង ជាពិសេសការវិលត្រឡប់របស់ពលរដ្ឋភៀសខ្លួនកម្ពុជាទៅកាន់លំនៅឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការទប់ស្កាត់ការផ្លាស់ទីលំនៅដោយបង្ខំ ទាមទារឱ្យមានការគោរពយ៉ាងពេញលេញនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយវិវាទដោយសន្តិវិធី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងកិច្ចសន្ទនា ត្រូវតែអមដោយសកម្មភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់។

ជាកិច្ចបញ្ចប់ ឯកឧត្តម កែវ សុវណ្ណ បានអំពាវនាវឱ្យមានការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ ដែលអាចព្យាករណ៍បាន និងមាននិរន្តរភាពដើម្បីឱ្យអង្គការ UNHCR អាចបំពេញអាណត្តិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនាជាមួយអង្គការ UNHCR៕

ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា