តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋចំណាយប្រហែល ១៣០លានដុល្លារក្នុងរដូវបុណ្យភ្ជុំ ដែលបង្កើតជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋចំណាយប្រហែល ១៣០លានដុល្លារក្នុងរដូវបុណ្យភ្ជុំ ដែលបង្កើតជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន

តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋចំណាយប្រហែល ១៣០លានដុល្លារក្នុងរដូវបុណ្យភ្ជុំ ដែលបង្កើតជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន

អ្នកជំនាញសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋកម្ពុជាបានចំណាយថវិកាប្រមាណពី ១០០លាន ទៅ ១៣០លានដុល្លារក្នុងរយៈពេល ៣ថ្ងៃ នៃការធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់កម្ពុជា។

យោងតាមស្ថិតិក្រសួងទេសចរណ៍ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋដើរលេងកម្សាន្តជាង ២លាននាក់ កើនឡើងជិត ១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

បណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ កត់សម្គាល់ឃើញថា ទោះបីកម្ពុជា មានកត្តាប្រឈមសេដ្ឋកិច្ចខ្លះក៏ដោយ ប៉ុន្តែចំនួនទេសចរជាង ២លាននាក់ ដែលបានដើរលេងកម្សាន្តក្នុងពេលបុណ្យភ្ជុំនេះ បានបញ្ជាក់ពីភាពខ្លាំងនៃការចំណាយរបស់ពលរដ្ឋកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់ថា ការចំណាយរបស់ពលរដ្ឋត្រូវបានចែកចាយសាច់ប្រាក់ទៅតាមមូលដ្ឋាន និងបានជួយសង្គ្រោះកម្លាំងទិញក្នុងស្រុក ពិសេសទាញសាច់ប្រាក់ពីទីក្រុងទៅចាក់បញ្ចូលក្នុងសសរស្ដម្ភសេដ្ឋកិច្ចមូលដ្ឋាន ឬវិស័យ SME ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម។

បណ្ឌិត ញិល រដ្ឋា បានប៉ាន់ប្រមាណថា ជាមធ្យមពលរដ្ឋបានចំណាយចន្លោះពី ៥០ ទៅ ៦០ដុល្លារ ក្នុងមួយជើងសម្រាប់ការធ្វើដំណើរ ម្ហូបអាហារ ការស្នាក់នៅ និងការទិញទំនិញ។ ដូច្នេះ ថវិកាសរុបដែលចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ក្នុងរយៈពេល ៣ ថ្ងៃនេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំប្រហែលពី ១០០ ទៅ ១៣០លាន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការទប់ទល់ និងជំរុញកំណើនសេដ្ឋកិច្ច។

ដោយឡែក បណ្ឌិត ថុង ម៉េង ដេវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកការផ្លាស់ទីរបស់ទេសចរថាបានបង្កើតជា «ចរន្តវិលជុំសេដ្ឋកិច្ច» យ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដោយចំណូលនេះបានបែងចែកពីទីក្រុងទៅកាន់ខេត្តផ្សេងៗ តាមរយៈរមណីយដ្ឋាន និងសហគមន៍។

លោកយល់ឃើញថា ចរន្តទេសចរនេះ ក៏បានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់អាជីវកម្មធុនតូច និងមធ្យម (SMEs) ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អ្នកដឹកជញ្ជូន និងអាជីវករលក់ដូរផលិតផល ឬកសិផលក្នុងស្រុក​ ដែលអាចជួយដល់ការបង់ពន្ធចូលថវិការដ្ឋតាមរយៈប្រតិបត្តិការអាជីវកម្មផ្សេងៗផងដែរ។

សម្រាប់បណ្ឌិត ថុង ម៉េងដាវីត ក្នុងឱកាសពិធីបុណ្យភ្ជុំនៅឆ្នាំនេះ​ ប្រជាពលរដ្ឋខ្មែរបានបែងចែកពេលវេលាយ៉ាងល្អរវាងការធ្វើបុណ្យនៅតាមវត្តអារាម និងការធ្វើដំណើរទៅកម្សាន្តទៅកាន់តំបន់ផ្សេងៗគ្នា ដូចជា នៅសៀមរាប តំបន់ឆ្នេរ តំបន់ភ្នំ និងទេសចរណ៍ធម្មជាតិកែច្នៃជាដើម។

យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តចំនួន៥ទទួលបានប្រជាពលរដ្ឋដើរលេងកម្សាន្តច្រើនជាងគេ រួមមាន ខេត្តសៀមរាប កំពត ព្រះសីហនុ កំពង់ឆ្នាំង និងកំពង់ចាម៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា