អ្នកនាំពាក្យ៖ ទីបំផុត លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ ទីបំផុត លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ

អ្នកនាំពាក្យ៖ ទីបំផុត លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ទីបំផុត លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា ជាអ្នកបង្កហេតុមុនប្រាកដមែន ពោលគឺលោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅលោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីការបរទេសថៃ ដែលជាអ្នកនិយាយប្រាប់សារព័ត៌មាន Top News ដោយស្រង់សម្តីលោក សម រង្ស៊ី ថា៖«កម្ពុជាជាអ្នកបាញ់មុន…» នោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី បានបង្វែរការបដិសេធថា មិនដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានណាឡើយក្នុងអំឡុងពី៦ទៅ៩ខែចុងក្រោយ ក្រៅពីប្រព័ន្ធឃោសនារបស់គាត់។ តាមពិត លោក Nanthawat Samart មិនបានសំដៅថា លោក សម រង្ស៊ី និយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានណាមួយឡើយ តែអតីតមន្ត្រីថៃរូបនោះបានបញ្ជាក់ថា លោក សម រង្ស៊ី និយាយក្នុងពេលថ្មីៗនេះ ហើយថែមទាំងបានចាត់ទុកសម្តីលោក សម រង្ស៊ី ថាមានតម្លៃសម្រាប់ថៃយ៉ាងខ្លាំងថែមទៀត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅអតីតមន្ត្រីថៃដែលជាអ្នកនិយាយទេ តែបានបង្វែរទៅជារឿងផ្សេង។

អ្នកនាំពាក្យបានបន្តថា លោក សម រង្ស៊ី មិនទៅណាឆ្ងាយពីល្បិចបង្វែរសាច់រឿងដើម្បីគេចពីការប្រឈមមុខជាមួយការពិត ទៅជាការមួលបង្កាច់ បង្កើតរឿងមួយផ្សេងទៀតដើម្បីទម្លាក់កំហុសមកលើកម្ពុជានិងការពារថៃ តាមទម្លាប់របស់គាត់និងក្រុមរបស់គាត់នោះឡើយ។ លោក សម រង្ស៊ី មិនបាននិយាយសូម្បីមួយម៉ាត់ពីផែនការ «ចក្រពង្សភូវនាថ»(Chakraphong Phuwanath Plan) ដែលជាការរៀបចំច្បាស់លាស់ និងមានផែនការទុកជាមុនរបស់ថៃដើម្បីឈ្លានពានទឹកដីកម្ពុជាឡើយ។ លោក សម រង្ស៊ី ក៏មិនបាននិយាយពីទាហានខ្មែរមួយរូប គឺលោក សួន រោន អាយុ ៤៨ឆ្នាំ ដែលត្រូវបានទាហានថៃលបចូលមកបាញ់សម្លាប់ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅលើទឹកដីកម្ពុជា ដែលការបង្ករឿងយ៉ាងធ្ងន់ធ្ងររបស់ថៃនោះដែរ។ ប៉ុន្តែ លោក សម រង្ស៊ី បែរជាបង្វែរសាច់រឿងមួលបង្កាច់ដើម្បីទម្លាក់កំហុសលើកម្ពុជាថា ជាអ្នកបង្កហេតុមុនដដែល ដោយបំភ្លេចចោលទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ និងសម្តេចធិបតី ក៏ដូចជាវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលខិតខំយ៉ាងខ្លាំង និងយកទ្រូងទៅពាំងដើម្បីការពារបូរណភាពទឹកដី។

ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា សរុបមកវិញ លោក សម រង្ស៊ី មិនបានបដិសេធត្រង់ចំពោះអ្វីដែលអតីតមន្ត្រីថៃនិយាយទេ។ លោក សម រង្ស៊ី ក៏មិនបានសុំទោសប្រជាពលរដ្ឋខ្មែរ និងមិនបានបង្ហាញសូម្បីតែបន្តិចនូវវិប្បដិសារីចំពោះអ្វីដែលគាត់បាននិយាយ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែបន្តចោទថា កម្ពុជាជាអ្នកបង្កហេតុមុនដដែល និងបានបង្ហាញកាន់តែច្បាស់ថា គាត់ការពារថៃ ហើយប្រឆាំងផលប្រយោជន៍ជាតិខ្មែរយ៉ាងពិតប្រាកដដែលប្រជាជាតិខ្មែរមិនអាចទទួលយកបានឡើយ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថា លោក សម រង្ស៊ី គឺជាជនក្បត់ជាតិដោយមិនអាចប្រកែកបាន៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា