កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយវៀតណាម ស្របពេលមានជម្លោះព្រំដែនជាមួយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយវៀតណាម ស្របពេលមានជម្លោះព្រំដែនជាមួយថៃ

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយវៀតណាម ស្របពេលមានជម្លោះព្រំដែនជាមួយថៃ

ប្រទេសកម្ពុជា និងវៀតណាមបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា ព្រមទាំងពង្រីកចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។

ក្នុងន័យនេះ ផែនការសហប្រតិបត្តិការក្នុងវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៧ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៣តុលា នៅទីក្រុងហាណូយ ដោយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ហ្វាន វ៉ាន់ហ្សាង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។

បណ្ឌិត ថុង ម៉េង ដេវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានចាត់ទុកការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងវៀតណាម គឺជាកត្តាចាំបាច់សម្រាប់រក្សាលំនឹងយុទ្ធសាស្ត្រ និងអធិបតេយ្យភាពជាតិកម្ពុជាក្នុងតំបន់។ កិច្ចសហប្រតិបត្តិការនេះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការរក្សាបាននូវសន្តិភាពនៅតាមបណ្តោយព្រំដែន ស្របពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

សម្រាប់បណ្ឌិត ថុង ម៉េង ដេវិត កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្ន ស្ថិតនៅលើកម្រិតស៊ីជម្រៅ ជិតស្និទ្ធ និងមានភាពជាដៃគូយុទ្ធសាស្ត្ររឹងមាំ ដែលផ្អែកលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។ ដោយឡែក ការប្រារព្ធខួបទី៦០ ឆ្នាំ និងការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ គឺមានអត្ថន័យយុទ្ធសាស្ត្រយ៉ាងសំខាន់សម្រាប់កម្ពុជា ទាំងផ្នែកសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។

ចំណែក បណ្ឌិត គិន ភា ប្រធានវិទ្យាសាស្រ្តទំនាក់ទំនងអន្តរជាតិកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្កាល់ឃើញថា ទំនាក់ទងរវាងកម្ពុជា និងវៀតណាម កាន់តែល្អប្រសើរថែមមួយកម្រិតទៀត ទាំងកិច្ចសហប្រតិបតិការលើវិស័យយោធា សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្រាប់បណ្ឌិត គិន ភា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិល្អ​ គឺបញ្ជាក់ពីទំនាក់ទំនងល្អនៃប្រទេសជិតខាងគ្នា ជំរុញសន្តិភាពតាមព្រំដែន ដែលអាចចៀសវាងនូវបញ្ហាផ្សេង។

ក្រុមអ្នកតាមដានភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិកម្ពុជា កត់សម្គាល់ឃើញថា ការជួយជ្រោមជ្រែងរបស់វៀតណាមក្នុងវិស័យយោធាបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា