កម្ពុជាបកអាក្រាតការភូតកុហករបស់ភាគីថៃជុំវិញការទទួលជនភៀសខ្លួនកម្ពុជាកាលពីអតីតកាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបកអាក្រាតការភូតកុហករបស់ភាគីថៃជុំវិញការទទួលជនភៀសខ្លួនកម្ពុជាកាលពីអតីតកាល

កម្ពុជាបកអាក្រាតការភូតកុហករបស់ភាគីថៃជុំវិញការទទួលជនភៀសខ្លួនកម្ពុជាកាលពីអតីតកាល

នៅមុនបញ្ចប់កិច្ចប្រជុំលើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបំភ្លឺខ្លឹមសារនៃការលើកឡើងរបស់ប្រតិភូថៃ ពាក់ព័ន្ធនឹងប្រជាជនភៀសសឹកកម្ពុជានៅតំបន់ព្រំដែន។ ប្រតិភូថៃបានអះអាងថា ប្រជាជនទាំងនោះស្ថិតនៅក្នុងតំបន់របស់ថៃ ដែលត្រូវបានបើកឱ្យប្រើប្រាស់ជាជម្រក​ជនភៀសខ្លួនបណ្ដោះអាសន្ន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយវត្តមានរបស់ពួកគេបំពានលើអធិបតេយ្យភាពរបស់ថៃ។

ឯកឧត្តម លុយ ដាវីត  បានច្រានចោលការអះអាងនេះ ដោយចាត់ទុកថា ជាការមិនត្រឹមត្រូវ និងបំភ្លៃការពិតជាប្រវត្តិសាស្ត្រ។  ដើម្បីគាំទ្រដល់បទអន្តរាគមន៍​របស់ខ្លួន ឯកឧត្តម​បានយោងលើរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។  

របាយការណ៍នេះបញ្ជាក់ថា ជំរំដែលធ្លាប់ប្រើសម្រាប់ស្នាក់នៅរបស់ជនភៀសខ្លួនកម្ពុជាក្នុងប្រទេសថៃ លែងមានជនភៀសខ្លួនកម្ពុជាស្នាក់នៅទៀតហើយ ចាប់តាំងពីខែមីនា ឆ្នាំ១៩៩៩មកម្ល៉េះ បន្ទាប់ពីជនភៀសខ្លួនកម្ពុជាចុងក្រោយចំនួន ៧០៥នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា​ប្តេជ្ញាដោះស្រាយវិវាទព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគោលការណ៍សមភាពអធិបតេយ្យភាពរបស់រដ្ឋ។

ឯកឧត្តម​ លុយ ដាវីដ សង្កត់ធ្ងន់ថា ការស្តារទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ គឺទាមទារឱ្យមានការអនុវត្តវិធានការជាក់ស្តែង ជាពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥  ការគោរពព្រំដែនអន្តរជាតិ ការបន្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនក្នុងក្របខ័ណ្ឌគណៈកម្មការចម្រុះព្រំដែនគោក (JBC) ព្រមទាំងការធានាឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ទោះបីកម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់បច្ចុប្បន្ន ភាគីថៃមិនទាន់បានអនុវត្តតាមកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញនៅឡើយទេ ជាពិសេសពាក់ព័ន្ធការវិលត្រឡប់របស់ជនភៀសសឹក និងការចាប់ផ្តើម​ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឡើងវិញ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា