សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគំនិតរចនា«បាតដៃសុភមង្គល»បែបខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគំនិតរចនា«បាតដៃសុភមង្គល»បែបខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគំនិតរចនា«បាតដៃសុភមង្គល»បែបខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រចំពោះគំនិតកែលម្អ «បាតដៃសុភមង្គល» នៅឆ្នេរខេត្តកំពត ​ឱ្យមានរចនាបថខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ។​ រូបសំណាកបាតដៃនេះត្រូវបានផ្តួចផ្តើម និងកសាងឡើងដោយឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ក្នុងគោលបំណងបង្កើតតំបន់កម្សាន្តថ្មីមួយទៀតដល់ខេត្ត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ។

គំនិតកែលម្អរូបនេះត្រូវបានលើកឡើងដោយម្ចាស់គណនីឈ្មោះ« វប្បធម៌ ក្មេរ » ដែល​បង្ហាញរូបភាព AI អំពី​គំនិតរចនាបាតដៃសុភមង្គល ដោយបញ្ចូលលក្ខណៈសិល្បៈ និងរចនាបថខ្មែរ។

នៅលើបណ្តាញសង្គម សម្តេចធិបតីបង្ហាញក្តីសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ឯកឧត្តមអភិបាលខេត្តកំពត លោកបានឃើញ និងកំពុងសិក្សាជាមួយអ្នកជំនាញ និងមន្ទីរវប្បធម៌ខេត្តកំពត។

រូបសំណាកបាតដៃសុភមង្គល នេះ ទើបតែបើកទទួលស្វាគមន៍ភ្ញៀវទេសចរចូលទស្សនា និងកម្សាន្តលេង កាលពីថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌកាលពី​ប៉ុន្មានថ្ងៃមុន ដោយទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរយ៉ាងច្រើនកុះករ​។​

ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចំនួនជាង ​២២ម៉ឺននាក់ ហើយជាខេត្តឈរលំដាប់ទី២ ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេ ក្នុងចំណោមរាជធានីខេត្តទាំង២៥៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា