លោក បូរ ភ័កត្រា ក្លាយជាទូតសុច្ឆន្ទៈនៃវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក បូរ ភ័កត្រា ក្លាយជាទូតសុច្ឆន្ទៈនៃវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦

លោក បូរ ភ័កត្រា ក្លាយជាទូតសុច្ឆន្ទៈនៃវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលនឹងរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងខែតុលានេះ ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញការវិនិយោគ ពង្រីកទីផ្សារ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» ដែលទើបត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈនៃព្រឹត្តិការណ៍នេះ។
 
លោក បូរ ភ័កត្រា បានបង្ហាញក្តីរីករាយដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសឱ្យធ្វើជាទូតសុច្ឆន្ទៈនៃ CAFE26 ដោយសារព្រឹត្តិការណ៍នេះស្របនឹងចំណង់ចំណូលចិត្តរបស់លោក។
 
លោកបានចាត់ទុកវេទិកា និងពិព័រណ៍កសិកម្មនេះថា ជាឱកាសដ៏សំខាន់សម្រាប់ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកកែច្នៃ និងអ្នកវេចខ្ចប់ ព្រមទាំងការតភ្ជាប់រវាងអ្នកទិញ និងអ្នកផលិត។ ជាពិសេស ព្រឹត្តិការណ៍នេះអាចជួយផ្សព្វផ្សាយផលិតផលកសិកម្មក្នុងស្រុក និងបង្ហាញពីសក្តានុពលនៃវត្ថុធាតុដើមរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
 
លោក បូរ ភ័កត្រា បានបន្តថា ការពង្រីកទីផ្សារមានសារៈសំខាន់ចំពោះកសិករ ព្រោះនៅពេលមានទីផ្សារកាន់តែទូលំទូលាយ ពួកគាត់អាចបង្កើនការលក់ផលិតផល និងប្រាក់ចំណូល ដែលនឹងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ។
 
លោកបានគូសបញ្ជាក់ថា កម្ពុជាមានធនធាន និងវត្ថុធាតុដើមជាច្រើន ដែលអាចយកមកប្រើប្រាស់ក្នុងការផលិត និងកែច្នៃកសិផល។ ដូច្នេះ ការចូលរួមក្នុង CAFE26 នឹងផ្តល់ឱកាសឱ្យកសិករបានស្វែងយល់ពីទីផ្សារ និងច្រកចេញសម្រាប់ផលិតផលរបស់ខ្លួន ព្រមទាំងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ។
 
លោកបានអំពាវនាវឱ្យប្រជាកសិករចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើន ដើម្បីទទួលបានព័ត៌មាន បទពិសោធន៍ និងឱកាសក្នុងការពង្រីកទីផ្សារ ដែលអាចរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
 
សូមបញ្ជាក់ថា លោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» បានយល់ព្រមធ្វើជាទូតសុច្ឆន្ទៈ ដើម្បីចូលរួមផ្សព្វផ្សាយពីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
 
ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍លើកទី១កាលពីឆ្នាំ២០២៥  វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ រំពឹងថា នឹងមានស្តង់ពិព័រណ៍ជាង ៤០០ស្តង់ អ្នកចូលរួមទស្សនាប្រមាណ ២៥ ០០០នាក់ និងកសិករជាង ២ ០០០នាក់៕
 
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា