ក្រុមឧទ្ទាមហ៊ូធី ប្រើគ្រឿងបង្គុំ ចិន ផលិតមីស៊ីលផ្លោងបាញ់ដល់ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមឧទ្ទាមហ៊ូធី ប្រើគ្រឿងបង្គុំ ចិន ផលិតមីស៊ីលផ្លោងបាញ់ដល់ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត

ក្រុមឧទ្ទាមហ៊ូធី ប្រើគ្រឿងបង្គុំ ចិន ផលិតមីស៊ីលផ្លោងបាញ់ដល់ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត

សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន កំពុងព្យាយាមផលិតមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដ៏ទំនើបដោយខ្លួនឯង ដែលប្រើប្រាស់គ្រឿងបង្គុំនាំចូលពីប្រទេសចិន ហើយប្រសិនបើគម្រោងនេះជោគជ័យ មីស៊ីលប្រភេទថ្មីនឹងអាចវាយប្រហារដល់ទឹកដីអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ។

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នស្រាវជ្រាវអាវុធ Conflict Armament Research ហៅកាត់ CAR, ក្រុមហ៊ូធីបាននាំចូលគ្រឿងបង្គុំពីក្រុមហ៊ុនចិន ដើម្បីយកមកផលិតមីស៊ីលដ៏ទំនើបថ្មីមួយ ដោយផ្អែកលើគំរូមីស៊ីលនាំផ្លូវដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ គឺ Kheibar Shekan ។

បើតាម Jerusalem Post, មីស៊ីលប្រភេទនេះ មានចម្ងាយបាញ់រហូតដល់ ២,០០០ គីឡូម៉ែត្រ ដែលអាចគ្របដណ្តប់ទឹកដីអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតទាំងមូល ។

អ្នកវិភាគជាន់ខ្ពស់របស់អង្គការ CAR លោក Fabian Hinz និយាយថា ការនាំចូលគ្រឿងបង្គុំទាំងនេះអាចបង្ហាញថា ក្រុមហ៊ូធីកំពុងផលិតមីស៊ីលរួចហើយ ឬកំពុងព្យាយាមផលិត ប៉ុន្តែមិនទាន់ទទួលបានជោគជ័យពេញលេញនៅឡើយទេ ។

លោកបន្ថែមថា ដោយសាររោងចក្រផលិតអាវុធរបស់ក្រុមហ៊ូធី ត្រូវបានលាក់បាំងយ៉ាងប្រុងប្រយ័ត្ន ដូច្នេះគេនៅមិនទាន់អាចកំណត់បានច្បាស់លាស់ ថាតើការផលិតមីស៊ីលប្រភេទថ្មីនេះ ឈានដល់ដំណាក់កាលណានោះទេ ។

របាយការណ៍រសើបនេះត្រូវបានបញ្ចេញ ស្របពេលដែលអាជ្ញាធរយេម៉ែន ថ្មីៗនេះស្ទាក់ចាប់បានទំនិញលាក់ពួនមួយចំនួន ក្នុងនោះមានផ្ទុកគ្រឿងបង្គុំលោហៈធាតុ ដែលកុម្ម៉ង់ធ្វើឡើងជាពិសេស ។

ក្នុងនោះរួមមានផ្នែកម៉ាស៊ីន, តួមីស៊ីល, ស្លាបកន្ទុយសម្រាប់ទប់លំនឹងពេលហោះហើរ និងគ្រឿងម៉ាស៊ីនរ៉ុក្កែតឥន្ធនៈរឹង ក៏ដូចជាឧបករណ៍តេស្តមីស៊ីល និងសារធាតុការពារកម្ដៅ សម្រាប់ការពារមីស៊ីលពីកម្ដៅខ្លាំង ពេលបាញ់បង្ហោះផងដែរ ។

យ៉ាងណា ប្រទេសចិនតែងតែអះអាងថា ខ្លួននៅតែគោរពតាមទណ្ឌកម្ម និងការហាមឃាត់ការលក់អាវុធរបស់អង្គការសហប្រជាជាតិទៅឱ្យក្រុមឧទ្ទាមហ៊ូធីយ៉ាងម៉ឺងម៉ាត់ ៕

ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា