អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ពីកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ពីកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ

អ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ពីកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ នៅវិមានសន្តិភាពរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ។

កិច្ចប្រជុំលើកទី២នេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry)។
ទាក់ទងកិច្ចប្រជុំនេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ថា កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បានចាប់ផ្តើមនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃ។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា អមដោយក្រុមអ្នកជំនាញកិច្ចការព្រំដែន និងជំនាញច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ កម្ពុជាមានចេតនាចុះសន្ធិសញ្ញាជាមួយថៃដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលគ្របដណ្ដប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ប្រកបដោយសមធម៌ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។

ប្រភពដដែលបានបន្តថា ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសណាមួយដូចបានលើកឡើងខាងលើ កម្ពុជាស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ និងមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិនឹងផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា