មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីហ្វូងដំរីព្រៃបង្កគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋនៅស្រុកជាំក្សាន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីហ្វូងដំរីព្រៃបង្កគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋនៅស្រុកជាំក្សាន្ត
នយោបាយ• 15/10/2026

មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីហ្វូងដំរីព្រៃបង្កគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋនៅស្រុកជាំក្សាន្ត

ភ្នំពេញ៖ករណីហ្វូងដំរីព្រៃចូលរុះរើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត បានបណ្តាលឱ្យកុមារាម្នាក់អាយុ ១១ ឆ្នាំ បាត់បង់ជីវិត និងស្ត្រីជាម្តាយរងរបួសធ្ងន់។ ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍ដ៏សោកសង្រេងនេះ មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរខេត្ត ព្រះវិហារ បាននិងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយចុះតាមដានសកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងការពារសត្វព្រៃកម្រទាំងនោះ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មានAMSនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះថា កម្លាំងជំនាញចម្រុះបានចុះល្បាតតាមដានដានជើង និងទិសដៅចល័តរបស់ហ្វូងដំរី ដើម្បីទប់ស្កាត់កុំឱ្យពួកវាខិតជិត​ចូលមក​កាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋផ្អាកការចូលព្រៃជ្រៅ ឬបោះជំរំរោងស្នាក់​នៅ និង​បានបង្រៀនពីវិធីសាស្ត្រដេញដំរីដោយប្រើសំឡេង ឬពន្លឺ ដោយជៀសវាងដាច់ខាតនូវការប្រើប្រាស់អាវុធ ឬឧបករណ៍ដែល​បង្កគ្រោះ​ថ្នាក់ដល់សត្វដំរី។

តាមការបញ្ជាក់ពីមន្ទីរបរិស្ថានហ្វូងដំរីព្រៃចន្លោះពី ១០ ទៅ ២០ ក្បាល តែងតែចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃតាម​បណ្តោយជួរ​ភ្នំដងរ៉ែក។

យោងតាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នៃការវាយប្រហារពីសំណាក់ហ្វូងដំរីព្រៃនេះ បានកើតឡើង​នៅ​ចំណុច​កញ្ចាំង ក្នុងឃុំយាង ស្រុកជាំក្សាន្តកាលពីរាត្រីថ្ងៃទី១៣ ខែតុលា។ មុនពេលកើតហេតុ ជនរងគ្រោះ និងប្រជាពលរដ្ឋ៥នាក់ ផ្សេង​ទៀត​បាននាំគ្នាទៅបោះតង់កៅស៊ូ និងដាក់ប៉ូងរកត្រីនៅតំបន់ដាច់ស្រយាលខាងលើ។ លុះដល់វេលាម៉ោងប្រមាណជាង៨យប់ ខណៈដែល​អ្នកភូមិកំពុងលង់លក់ក្នុងដំណេកយ៉ាងស្ងប់ស្កល់ស្រាប់តែសំឡេងសម្រឹបជើង និងកម្លាំងបោកបោះខ្លាំងៗដោយហ្វូងដំរីព្រៃ បានកម្ទេចរោងកៅស៊ូ ។

លោក មុត មូល អាយុ ៤០ឆ្នាំ បាននិយាយថា ពេលកំពុងដេកលក់ ស្រាប់តែឮសូរប្រាវ! ហើយឮសំឡេងដំរី ៥-៦ក្បាល មកវាយ​បោក​ដំបូលតង់យ៉ាងខ្លាំង។ មិនយូរប៉ុន្មាន ក៏ឮសំឡេង ស្រ្តីឈ្មោះ ជិត ស្រែកឱ្យជួយ ។ពេលលោកស្ទុះក្រោកឡើង ក៏ឃើញអ្នកស្រី ជិត និង​កូនរងរបួសធ្ងន់ធ្ងរ​ទៅហើយ។

ជាការសោកស្តាយក្នុងហេតុការណ៍នេះកុមារា មុំ សុខហេង អាយុ ១១ឆ្នាំ ជាសិស្សបានបាត់បង់ជីវិតតាមផ្លូវក្នុងពេលដឹកមកកាន់មន្ទីរពេទ្យ ។ចំណែកឯម្តាយបង្កើត គឺស្ត្រីឈ្មោះ ធិន ជិត អាយុ ៤៩ឆ្នាំ បានរងរបួសធ្ងន់ធ្ងរបច្ចុប្បន្នកំពុងស្ថិតក្រោមការសង្គ្រោះ និងព្យាបាលយ៉ាង​យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។

ដោយឡែកកាលពីថ្ងៃទី១៤ ខែតុលា ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកអំណោយ និងថវិកាមនុស្សធម៌ដ៏​ថ្លៃថ្លា​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូន និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ​គ្រួសារ​រងគ្រោះផងដែរ។

គ្រោះមហន្តរាយដ៏សោកសង្រេងនេះ គឺជាសារដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែចេញចូលអាស្រ័យផលក្នុងព្រៃ ឬប្រកប​របរនេសាទនៅតំបន់ដាច់ស្រយាល។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាង​ការ​បោះជំរំស្នាក់នៅក្នុងព្រៃជ្រៅ ឬតំបន់ដែនជម្រកសត្វព្រៃ។ ប្រសិនបើប្រទះឃើញវត្តមានសត្វព្រៃ សូមកុំចូលជិត និងត្រូវប្រញាប់​រាយការណ៍​ជាបន្ទាន់ជូនសមត្ថកិច្ច ឬមន្ត្រីជំនាញ ដើម្បីការពារអាយុជីវិត និងចៀសផុតពីគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ ៕
ដោយ៖ឡុង សំបូរ ,ជិន ម៉ាដេប៉ូ

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា