ក្នុងកិច្ចប្រជុំកំពូល CICA សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមទីតាំងកាន់កាប់ដោយយោធាថៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងកិច្ចប្រជុំកំពូល CICA សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមទីតាំងកាន់កាប់ដោយយោធាថៃ​

ក្នុងកិច្ចប្រជុំកំពូល CICA សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមទីតាំងកាន់កាប់ដោយយោធាថៃ​

នៅក្នុងកិច្ចប្រជុំកំពូល CICA លើកទី៧នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៃដែនដីកម្ពុជាដែលកំពុងកាន់កាប់ដោយយោធាថៃ​។ ​សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីថា ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ បន្តរក្សាបានក៏ដោយ ប៉ុន្តែស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ដោយសារបញ្ហាស្នូលនៅមិនទាន់បានដោះស្រាយ។
 
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បទឈប់បាញ់រវាងកម្ពុជានិងថៃ នៅតែបន្តគោរពបាន ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ហើយបញ្ហាស្នូលពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាក្រោមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងជាធរមាន នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
 
ក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់កាលពីថ្ងៃទី១៥តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីព្រួយបារម្ភចំពោះស្ថានការណ៍ជាក់ស្តែងនៅតាមតំបន់មួយចំនួន ដែលកងទ័ពថៃកំពុងឈរជើងកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជា។
 
សម្តេចធិបតីបានគូសបញ្ជាក់ថា ការកំណត់ខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះ JBC គឺជាយន្តការសំខាន់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចំណុចត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ រួមទាំងសេចក្តីប្រកាសទីក្រុងកូឡាឡាំពួរ និងសេចក្តីថ្លែងការណ៍រួម។ ទោះជាយ៉ាងណា ការងារនេះនៅមិនទាន់បានអនុវត្តលើទីតាំងដីជាក់ស្តែងនៅឡើយ។
 
សម្តេចធិបតីបានបញ្ជាក់ថា ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ បានរារាំងប្រជាជនប្រមាណ 2 ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
 
ទោះបីជាស្ថានភាពនេះនៅតែមានភាពស្មុគស្មាញក៏ដោយ កម្ពុជានៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។
 
 សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការសន្ទនា ការកាត់បន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេសការកំណត់ខណ្ឌសីមាព្រំដែនគោកតាមរយៈ JBC និងវិធានការកសាងទំនុកចិត្តដែលបានព្រមព្រៀងគ្នា គឺជាកត្តាចាំបាច់សម្រាប់បង្កើតលក្ខខណ្ឌឆ្ពោះទៅរកការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌ និងយូរអង្វែង ព្រមទាំងការរួមរស់ជាមួយគ្នាដោយសន្តិភាព។
 
សម្តេចធិបតីបានលើកឡើងថា បទពិសោធន៍ថ្មីៗរបស់កម្ពុជាបានពង្រឹងជំនឿថា សន្តិភាពមិនមែនជាអ្វីដែលបានដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានាត្រូវតែដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។ ព្រំដែន និងអធិបតេយ្យភាពមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែងឡើយ។
 
ក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយគូសបញ្ជាក់ថា គោលការណ៍ទាំងនេះត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់រដ្ឋទាំងអស់៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា