ប្រាសាទមេបុណ្យខាងលិចត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទមេបុណ្យខាងលិចត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦

ប្រាសាទមេបុណ្យខាងលិចត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦


អាជ្ញាធរជាតិអប្សរា បានបិទបញ្ចប់ការជួសជុលប្រាសាទមេបុណ្យខាងលិចជាស្ថាពរ ហើយកំពុងរៀបចំសោភ័ណភាពចុងក្រោយ ដើម្បីត្រៀមសម្ពោធជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។

ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ប្រាសាទមេបុណ្យខាងលិចបានបង្ហាញរូបរាងជាថ្មី នៅកណ្តាលបារាយណ៍ខាងលិច ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងរៀបចំសោភ័ណភាពការដ្ឋានប្រាសាទមេបុណ្យខាងលិច កាលពីថ្ងៃទី១៥ ខែតុលា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ខាងមុខនេះ។

បើតាមអាជ្ញាធរជាតិអប្សរា បច្ចុប្បន្នការងារជួសជុលប្រាសាទមេបុណ្យខាងលិចត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ។ ស្របពេលដែលអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការសម្អាត រៀបចំសណ្តាប់ធ្នាប់ និងកែសម្រួលបរិស្ថានជុំវិញប្រាសាទ គេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើនបានអញ្ជើញទៅទស្សនា និងថតរូបកម្សាន្តយ៉ាងច្រើនកុះករ។

ភ្ញៀវទេសចរភាគច្រើនសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទិដ្ឋភាពប្រាសាទដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ ព្រមទាំងកោតសរសើរដល់ស្ថាបត្យកម្មដ៏ល្អឯក និងកិច្ចខិតខំប្រឹងប្រែងជួសជុលលើកតម្លៃនៃប្រាសាទឡើងវិញអស់រយៈពេលច្រើនឆ្នាំរបស់ក្រុមការងារជំនាញ។

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិចបានបង្ហាញរូបរាងយ៉ាងត្រចះត្រចង់ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងរ និងបាត់បង់ថ្មអស់ជាច្រើននាពេលកន្លងមក។ ប្រាសាទនេះស្ថិតនៅចំកណ្តាលបារាយណ៍ខាងលិច មានទំហំ ១០០ម៉ែត្របួនជ្រុង ហ៊ុព័ទ្ធដោយផ្ទៃទឹកល្ហល្ហេវ ដែលកាលពីអតីតកាលត្រូវបានទឹកលិចអស់ទាំងស្រុងនារដូវវស្សា។ ប្រាសាទនេះមានសម្រស់ប្រែប្រួលទៅតាមពេលវេលាចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច ដែលកំពុងក្លាយជាចំណុចទាក់ទាញទេសចរយ៉ាងខ្លាំង។

ផ្អែកតាមការស្រាវជ្រាវដំបូង ប្រាសាទនេះមានប្រាង្គចំនួន ១២ ដែលប្រាង្គមួយធ្លាប់ត្រូវបានសាលាបារាំងចុងបូព៌ាជួសជុលម្តងរួចមកហើយ។ ដំណើរការជួសជុលឡើងវិញដោយអ្នកជំនាញសាលាបារាំងចុងបូព៌ា និងអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមតាំងពីឆ្នាំ២០១២ មក ប៉ុន្តែត្រូវបានផ្អាកមួយរយៈពេលនៅឆ្នាំ២០១៨ ដោយសារខ្វះខាតថវិកា ហើយបានចាប់ផ្តើមឡើងវិញនៅឆ្នាំ២០១៩ រហូតទទួលបានជោគជ័យជាស្ថាពរនាពេលនេះ។

ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំ និងកត្តាធម្មជាតិ អ្នកជំនាញជនជាតិបារាំង និងខ្មែរត្រូវចំណាយពេលច្រើនក្នុងការធ្វើកំណាយ សិក្សារកទម្រង់ដើម និងស្វែងរកថ្មបុរាណដែលបានដួលរលំ និងបាក់បែកមកផ្គុំឡើងវិញ ដើម្បីរក្សាទម្រង់ដើមទាំងស្រុង។ ការជួសជុលរៀបចំឡើងវិញនូវប្រាសាទដែលស្ថិតនៅកណ្តាលបារាយណ៍ដ៏ធំនេះ នឹងជួយទាក់ទាញទេសចរកាន់តែច្រើន ដោយភ្ញៀវទេសចរអាចជិះទូកទៅទស្សនាប្រាសាទបុរាណនេះបានទាំងរដូវប្រាំង និងវស្សា៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា