កម្ពុជា ទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកលចំពោះកិច្ចការរំសាយសព្វាវុធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកលចំពោះកិច្ចការរំសាយសព្វាវុធ

កម្ពុជា ទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកលចំពោះកិច្ចការរំសាយសព្វាវុធ

កម្ពុជាបានទទូចឱ្យបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការរំសាយសព្វាវុធ និងគាំទ្រសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាយោធាកំពុងបង្កើនអសន្តិសុខជាសកល។
 
ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលឡើងវិញ ក្នុងការរំសាយសព្វាវុធ និងលុបបំបាត់អាវុធនុយក្លេអ៊ែរ ដើម្បីធានាសន្តិភាព និងសន្តិសុខពិភពលោក។
 
ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៤ ខែតុលា នៅទីក្រុងញូវយ៉ក ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តឡើងវិញជាអន្តរជាតិ ក្នុងការពង្រឹងកិច្ចការរំសាយសព្វាវុធ ដោយសារការកើនឡើងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាកកើតថ្មី កំពុងបង្កើនអសន្តិសុខសកល។
 
ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជំរុញឱ្យមានការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ផងដែរ។ ទន្ទឹមនឹងនេះ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពមីន តាមរយៈការកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិល និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។
 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំពេញអង្គជាន់ខ្ពស់របស់មហាសន្និបាត UN ដើម្បីរំលឹក និងលើកកម្ពស់ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ឯកឧត្តម កែវ ឈា ក៏បានអំពាវនាវឱ្យគោរពសុចរិតភាពនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ លើកកម្ពស់សសរស្តម្ភទាំងបីនៃសន្ធិសញ្ញានេះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីសម្រេចបាននូវពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា