សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតចូលជ្រៅក្នុងទឹកដីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតចូលជ្រៅក្នុងទឹកដីកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតចូលជ្រៅក្នុងទឹកដីកម្ពុជា

នៅក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតចូលជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជាជនប្រមាណ២ម៉ឺននាក់ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

អ្នកនាំពាក្យបានបន្តថា សម្តេចធិបតី បានគូសរំលេចថា បទពិសោធន៍ថ្មីៗនេះរបស់កម្ពុជាផ្ទាល់ បានពង្រឹងការជឿជាក់របស់យើងថា សន្តិភាពមិនមែនជាអ្វីដែលបានមកដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានាត្រូវតែដោះស្រាយដោយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែង (fait accomplis) នោះឡើយ។ សម្តេចធិបតីសង្កត់ធ្ងន់ថា បទឈប់បាញ់រវាងកម្ពុជានិងថៃ នៅតែបន្តគោរពបាន ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ហើយបញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមពៀងដែលមានជាធរមាន នៅមិនទាន់ដោះស្រាយបាននៅឡើយ។

ទោះបីជាស្ថានភាពនេះនៅតែមានភាពស្មុគស្មាញក៏ដោយ ក៏សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថា ការសន្ទនា ការកាត់បន្ថយភាពតានតឹង ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេស ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្ដែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយយុត្តិធម៌ ស្ថិតស្ថិរ និងការចូលរួមជាមួយគ្នាដោយសន្តិវិធី ហើយនេះគឺជាស្មារតីនៃការសន្ទនា ការកសាងទំនុកចិត្ត និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី ដែល CICA ខិតខំជំរុញឲ្យមាននៅទូទាំងទ្វីបរបស់យើង»៕
ដោយ៖ពលជ័យ
រូបភាព៖ Freshnews

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា