សម្ដេចធិបតី៖ ការចរចាព្រំដែនត្រូវមានមូលដ្ឋានច្បាស់លាស់ ​មិនមែនពឹងលើញាណពិសេស ឬតាមលឺគេថានោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី៖ ការចរចាព្រំដែនត្រូវមានមូលដ្ឋានច្បាស់លាស់ ​មិនមែនពឹងលើញាណពិសេស ឬតាមលឺគេថានោះទេ

សម្ដេចធិបតី៖ ការចរចាព្រំដែនត្រូវមានមូលដ្ឋានច្បាស់លាស់ ​មិនមែនពឹងលើញាណពិសេស ឬតាមលឺគេថានោះទេ

កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាឱ្យមានមូលដ្ឋានច្បាស់លាស់ ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គម នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចការព្រំដែនមិនអាចធ្វើដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។

សម្តេចធិបតីបន្តថា ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី ដែលកម្ពុជាកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC ឬជាយន្តការអន្តរជាតិ ដែលកម្ពុជាកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS នោះទេ។

សម្តេចក៏បានឆ្លៀតជូនពរគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាដោយបង្ខំ ក្នុងវិវាទដែនសមុទ្រកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ការគូសបញ្ជាក់របស់សម្តេចធិបតី​ធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន សកម្មជននយោបាយប្រឆាំងក្រៅស្រុកម្នាក់ បានអះអាងថា កម្ពុជាបានបាត់បង់ទីទាំងជាង៨០ទៅក្នុងដៃរបស់យោធាថៃ។ លោកបានលើកទល្ហីករមួយចំនួន​មកគាំទ្រការអះអាងនេះ ក្នុងនោះ អ្វីដែលគួរឲ្យកត់សម្គាល់ គឺលោកថ្លែងអួតថា លោកមានញាណពិសេសខុសប្លែកពីអ្នកដទៃ ដោយគ្រាន់តែមើលទីតាំងណាមួយ ២ ឬ៣ ដង គឺអាចដឹងថាប្រទេសណាជាអ្នកកាន់កាប់ទីតាំងនោះបាន។​

លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ត្រូវបានសម្តេចធិបតីអញ្ជើញឲ្យត្រឡប់ចូលស្រុកវិញជាមួយឯកសារ និងភស្តុតាងពាក់ព័ន្ធការចោទប្រកាន់អំពីព្រំដែន ដើម្បីមកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែអតីតតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ បានរកលេសផ្សេងៗ ព្រមទាំងដាក់លក្ខខណ្ឌ​នានា ដើម្បីគេចវេសពីការវិលត្រឡប់មកកម្ពុជា ទោះបីសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាស​ធានាសុវត្ថិភាព និងចេញថ្លៃយន្តហោះជូនលោក និងក្រុមរបស់លោកក៏ដោយ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា