លោក ត្រាំ ថា កំពុងចរចាជាមួយ រុស្ស៊ី និង ចិន ឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា កំពុងចរចាជាមួយ រុស្ស៊ី និង ចិន ឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរ

លោក ត្រាំ ថា កំពុងចរចាជាមួយ រុស្ស៊ី និង ចិន ឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការចរចាជាមួយទីក្រុងមូស្គូ និង ទីក្រុងប៉េកាំង ដោយមានគោលបំណងឈានឆ្ពោះទៅលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសទាំងនេះ ដែលសុទ្ធតែជាម្ចាស់ឃ្លាំងអាវុធអាវុធនុយក្លេអ៊ែរធំជាងគេបំផុត នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់ Reuters។

បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល, រុស្ស៊ីគឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងស្តុកច្រើនជាងគេបំផុត។ បន្ទាប់មក គឺ សហរដ្ឋអាមេរិក និង ចិន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន មានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយច្រើនជាង ទីក្រុងមូស្គូ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័ត៌មាន Newsmax, លោក ត្រាំ បាននិយាយថា លោកជឿជាក់ថា ក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន នឹងតាមទាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

លោក ត្រាំ បានប្រាប់ទៀតថា «វាជារឿងគួរឱ្យស្តាយណាស់ ព្រោះខ្ញុំពិតជាចង់ឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាចធ្វើទៅបាន។ តាមពិតទៅ យើងកំពុងពិភាក្សាជាមួយរុស្ស៊ី និងចិន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ»។

បើតាម Reuters , ការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើង នៅប៉ុន្មានខែបន្ទាប់ពី «សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ» ហៅកាត់ New START បានផុតកំណត់ កាលពីដើមឆ្នាំនេះ។

សន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលបានចុះហត្ថលេខា នៅឆ្នាំ ២០១០ អនុញ្ញាតឱ្យមានការបន្តសុពលភាពបានតែម្តងគត់ ដែលកាលនោះ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងបន្តរយៈពេល ៥ឆ្នាំ។

ប្រសិនបើចង់បន្តសុពលភាពបន្ថែមទៀត គឺតម្រូវឱ្យមានការសម្រេចចិត្តជាផ្លូវការពីថ្នាក់ដឹកនាំ ដើម្បីបន្តកម្រិតកំណត់នានាដែលមានចែង ក្នុងសន្ធិសញ្ញានេះដោយស្ម័គ្រចិត្ត។

បើតាម ICAN, រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៥៤៥៩គ្រាប់, អាមេរិកមាន ចំនួន ៥២៧៧គ្រាប់ ខណៈដែលចិន មានចំនួន ៦០០គ្រាប់។ ប្រទេសដែលមានច្រើន ជាបន្តបន្ទាប់ទៀត មានដូចជា បារាំង, អង់គ្លេស, ឥណ្ឌា, ប៉ាគីស្ថាន, អ៊ីស្រាអែល និងកូរ៉េខាងជើង៕

ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា